ព័ត៌មានជាតិ

កម្ពុជា នឹងបញ្ជូនមន្រ្តីពន្ធនាគារ៤០រូប ទៅបំពេញបេសកកម្មថែរក្សាសន្តិភាព ក្រោមឆ័ត្រ UN

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា កម្ពុជា នឹងបញ្ជូនមន្រ្តីជំនាញ ពន្ធនាគាររបស់ក្រសួងមហាផ្ទៃ៤០រូប ទៅបំពេញបេសកកម្មថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN)។

នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការបញ្ជូនមន្រ្តីពន្ធនាគារ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ UN នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេច ស ខេង បានគូសបញ្ជាក់ថា «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចំណារឯកភាព ទៅនឹងសំណើររបស់អង្គការសហប្រជាជាតិ ដែលបានស្នើសុំបញ្ជូន មន្រ្តីជំនាញពន្ធនាគារកម្ពុជា៤០រូប ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ»។

សម្ដេចបានរំលឹកថា នៅប្រទេសសិង្ហបុរីកាលពីប្រមាណ១០ឆ្នាំមុន មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាតិបាន ផ្ដួចផ្ដើមគំនិតឱ្យមានការបញ្ជូនកម្លាំងនគរបាលចូលរួមបំពេញ បេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាតិ បន្ថែមលើការបញ្ជូនកងទ័ព។

សម្ដេច បន្ថែមថា ក្រសួងមហាផ្ទៃ មិនទាន់មានបទពិសោធន៍ និងឆ្លងកាត់ការងារខាងលើនេះនៅឡើយទេ ដូច្នេះត្រូវការបទ ពិសោធន៍សម្រាប់ការងារនេះ ព្រោះជាការងារថ្មី។ សម្ដេចបន្ដថា ចំពោះការងារ ចូលរួមបេសកកម្មប្រតិបត្តិការ ថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ មន្ដ្រីពន្ធនាគារ ត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ព្រមទាំងសមត្ថភាព និងភាសាបរទេសដែលពាក់ព័ន្ធជាដើម។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ ដល់បច្ចុប្បន្ន កម្លាំងកម្ពុជាសរុបចំនួន ៨៨៥៩នាក់ ក្នុងនោះ នារីមានចំនួន ៦៨១នាក់ ទៅកាន់បេសកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្រ្វិកកណ្ដាល លីបង់ សាយប្រឹស យេមែន ឆាត ស៊ីរី និងម៉ាលី។ បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៧៨៨នាក់ ក្នុងនោះ នារីមានចំនួន ១៣០នាក់ កំពុងបំពេញបេសកម្មនៅស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និងអាហ្រ្វិកណ្ដាល៕

To Top