ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ស៊ី ជីងពីង ប្រធានាធិបតីចិន នៅរដ្ឋធានីប៉េកាំង ។
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-10_15-36-31-1024x682.jpg)
នៅក្នុងជំនួបនោះ សម្តេចតេជោបាននាំកូនប្រុស២រូប គឺលោក ហ៊ុន ម៉ាណែត បេក្ខជនបន្តវេននាយករដ្ឋមន្រ្តី និងលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តវ័យក្មេង និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ទៅជួបជាមួយលោក ស៊ី ជីងពីង ប្រធានាធិបតីចិន បានពិភាក្សាគ្នាផ្ទាល់ប្រមាណជិត២ម៉ោង ។
សម្រាប់លោក ហ៊ុន ម៉ាណែត នេះ គឺជាលើកទី២ហើយដែលសម្តេចតេជោ នាយករដ្ឋមន្រ្តី បាននាំទៅជួប និងពិភាក្សាការងារជាមួយ លោកប្រធានាធិបតីចិន ស៊ី ជីងពីង នៅក្នុងប្រទេសចិន។ កន្លងមក ពោល គឺក្នុងអំឡុងខែកុម្ភៈ ដើមឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បាននាំលោក ហ៊ុន ម៉ាណែត ជួបលោក ស៊ី ជីងពីង ម្តងរួចមកហើយនៅក្នុងទីក្រុងប៉េកាំង។ កាលពីពេលនោះ និងនៅពេលនេះ គឺមិនខុសគ្នាទេ លោក ស៊ី ជីងពីង បានសម្តែងទឹកមុខរីករាយ និង ទទួលយ៉ាងរាក់ទាក់នូវវត្តមាន របស់សម្តេចតេជោ ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ហើយបានពិភាក្សាការងារ ពោរពេញដោយភាពស្និតស្នាល និងមិត្តភាព។
![](https://dap-news.com/wp-content/uploads/2023/02/photo_2023-02-10_15-36-35-1024x681.jpg)
ចំណែក ចំពោះលោក ហ៊ុន ម៉ានី វិញ នេះ គឺជាលើកទីមួយ ហើយដែលសម្តេចតេជោ ហ៊ុន សែន នាំឲ្យជួបនិងពិភាក្សាការងារ ដោយផ្ទាល់ជាមួយលោក ស៊ី ជីងពីង នៅក្នុងប្រទេសចិន។ យ៉ាងណាក៏ដោយ លោក ហ៊ុន ម៉ានី ក៏ដូចជា លោក ហ៊ុន ម៉ាណែតដែរ គឺត្រូវបានមេដឹកនាំកំពូល របស់មហាយក្សចិន ចាប់អង្រួនដៃរាក់ទាក់យ៉ាងស្និតស្នាល និងប្រកដោយភាពកក់ក្តៅ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)