ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ៖ លោក សម រង្ស៊ី​អត់មានសមត្ថភាព​យល់ពីខ្លឹមសារសំបុត្រ

ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត បេក្ខជនអនាគតនាយករដ្ឋមន្រ្តីបានលើកឡើងថា លោក សម រង្ស៊ីមិនយល់ពីខ្លឹមសារ​សំបុត្រ (សំបុត្រលោក ផ្ញើទៅសម្តេចតេជោកាលពីឆ្នាំ៩០ជាងសុំចូលរៀនសាលា West Point)។ បើតាមលោក ហ៊ុន ម៉ាណែត​ ដោយសារតែការមិនយល់នេះហើយ ទើបបានធ្វើឲ្យអតីតមេបក្សប្រឆាំងវាយប្រហារលោកម្តងហើយ ម្តងទៀត ។

បើតាមលោក ហ៊ុន ម៉ាណែត ដដែលម្តងជាពីរដងហើយដែលលោក សម រង្ស៊ីជាមនុស្សចាស់ម្នាក់វាយប្រហារលោក ដោយកន្លងមកលោកមិនចង់បកស្រាយទេ ប៉ុន្តែ២ថ្ងៃមុន លោក សម រង្ស៊ីបានលើកឡើងពីអត្ថសំបុត្ររបស់លោក ផ្ញើទៅសម្តេចតេជោ ជាឪពុកដើម្បីសរសេររៀបរាប់សុំការអនុញ្ញាតពីឪពុកចូលរៀនសាលាយោធារបស់អាមេរិក “West Point” ។ លោកថា លើកនេះ បើលោកមិនបកស្រាយទេគឺមិនបាន ដោយសារតែមានអ្នកឈឺឆ្អាលជំនួស លោកបាន ស្នើមក ឲ្យបកស្រាយ ដូច្នេះលោកធ្វើតាមសំណូមពរ។

ក្នុងវិដេអូជាង១០នាទីបង្ហោះហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃ១៥ មីនា លោកបានលើកឡើងថា ជារឿង ច្រំដែលពេកហើយ ដែលលោក សម រង្ស៊ី ជាមនុស្សចាស់អាយុជាង៧០ឆ្នាំម្នាក់ តាំងខ្លួនជាអ្នកនយោបាយជើងចាស់ និងអួតរៀនបានជ្រៅជ្រះនៅសាលា ល្បីនៅក្រៅប្រទេស ប៉ុន្តែចូលចិត្តតែមើលងាយគេផ្សេង រួមទាំងក្មេងជំនាន់ ក្រោយផងនោះ ដោយខ្លួនគាត់មិនទាំងមានមូលដ្ឋានច្បាស់លាស់ផង។

លោកថា “ជាក់ស្តែងដូចជាការលើកយកករណីសំបុត្រ ដែលខ្ញុំសរសេរទៅឪពុករបស់ខ្ញុំកាលពី៣០ឆ្នាំ មុន (ពេលនោះ ខ្ញុំមានអាយុ ១៦ឆ្នាំ) ដើម្បីសុំការអនុញ្ញាតិពីគាត់ដាក់ពាក្យចូលរៀន នៅសាលាបណ្ឌិតសភាយោធា សហរដ្ឋអាមេរិក នៅ West Point មកធ្វើជាកម្មវត្ថុដើម្បីមើលងាយខ្ញុំ ទាំងខ្លួនគាត់អត់យល់ពីអត្ថន័យនៃសំបុត្រនោះផង។ វាជាការគួរ ឲ្យអស់សំណើច មួយដែលលោក សម រង្ស៊ី ចូលចិត្តមើលងាយក្មេង ប៉ុន្តែគាត់អត់មានសមត្ថភាពក្នុងការយល់នូវ ខ្លឹមសារនៃសំបុត្រ ដ៏សាមញ្ញមួយដែលសរសេរដោយក្មេងអាយុ១៦ឆ្នាំម្នាក់”។


លោកថា កន្លងទៅលោកមិនបានតបទៅគាត់រឿងនេះទេ ព្រោះមិនចង់ខាតពេលវេលាច្រើន ជាមួយមនុស្ស ចាស់ប្រភេទ នេះ ដែលមិនចេះទទួលខុសត្រូវជាមួយអ្វីដែលគាត់ធ្វើឬនិយាយនោះទេ។


លោក ហ៊ុន ម៉ាណែត លើកបែបជាចម្ងល់ថា “តើគាត់គិតថាការដែលខ្ញុំមិនឆ្លើយតបនោះ គឺដោយសារវាជាការពិតឬ បានជាគាត់លើកយកមកវាយប្រហារ ខ្ញុំម្តងហើយម្តងទៀត ដើម្បីកេងចំណេញនយោបាយ?” ។

លោក ហ៊ុន ម៉ាណែតថា អ្នកចូលរៀនសាលាល្បីឈ្មោះដូចជាសាលាយោធា West Point នេះទាល់តែមានសមត្ថភាពខ្ពស់ ចំណេះដឹងទូលំទូលាយ បូករួមទាំងវិន័យសីលធម៌ជាដើមទើបអាចចូលរៀន ។ លោកបន្តថា ក្នុងមួយឆ្នាំៗ អ្នកចូលរៀនសាលានេះ ក៏មានអ្នកមិនអាចតស៊ូរៀន ចប់ចុងចប់ដើមដែរ ហើយមានអ្នករបូត(អ្នកមិនអាចទ្រាំ)។

កាលពីពីរថ្ងៃមុន(១៣ មីនា) លោក សម រង្ស៊ី បានវាយប្រហារលោក ហ៊ុន ម៉ាណែតម្តងទៀតថា “គ្មានចេះអ្វី ក្រៅពីតោងជើងខោឪ ដើម្បីឡើងតាមជើងខោឪ ដូច ហ៊ុន ម៉ាណែត ខ្លួនឯង បានសរសេរផ្ទាល់ដៃ ប្រាប់ទៅឪពុកគាត់ ប្រមាណ២០ឆ្នាំមុន គាត់បានចូលរៀនសាលាទាហាន នៅសហរដ្ឋអាមេរិក ដោយសារតែការយោគយល់ និងការជម្រុញពីឪពុកគាត់ដែលមានឋានៈជានាយករដ្ឋមន្ត្រី និងជាមេទ័ព ។ នៅស្រុកគេ ហ៊ុន ម៉ាណែត ពេលចេញពីសាលានេះ ហើយបើគាត់មានសញ្ជាតិអាមេរិកកាំង គាត់អាចធ្វើត្រឹមតែកូនទាហានពាក់សក្តិ១ ប៉ុណ្ណោះ។ តែនៅស្រុកខ្មែរ ដោយសារតែឡើងតាមជើងខោឪពុកគាត់ ស្រាប់តែគាត់បានឡើងជាឧត្តមសេនីយ៍ផ្កាយ៣ ភ្លាមមួយរំពេច”៕

To Top