ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ក្រុមអ្នករិះគន់ បញ្ហាខ្វះទឹកប្រើប្រាស់ បានតែនៅក្រៅប្រទេសទេ បើនៅក្នុងប្រទេសវិញ មិនដឹងព្រៃស ឬកន្លែងណាទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្រុមអ្នករិះគន់ និងវាយប្រហាររាជរដ្ឋាភិបាល គ្រប់រឿង សូម្បីតែបញ្ហាខ្វះទឹក ប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញនោះ បានតែនៅក្រៅប្រទេសទេ បើនៅក្នុងប្រទេសវិញគឺ «ខ្ញង់» ។ ន័យនេះសម្ដេចតេជោ បានព្រមានថា កុំសូវពេក ប្រយ័ត្នជាប់គុកព្រៃស ឬកន្លែងណាទេ ប្រាប់ឲ្យហើយ ។

ថ្លែងនៅចេញពីវេទិកា ចែកវិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ នៅព្រឹកថ្ងៃ៣០ មីនា សម្ដេចតេជោមានប្រសាសន៍ថា ប៉ុន្មានថ្ងៃនេះ តំបន់មួយចំនួនខ្វះទឹក ប្រើប្រាស់ គេមិនបានលើកអំពី កាលពីមុនតំបន់មានទឹកហ្នឹង គេអត់ដែលនិយាយទេ ដល់តែខ្វះទឹកបន្តិច ស្រែកនោះស្រែក ។ សម្តេចឌឺទៅវិញថា ស្រែកឲ្យលឺទៅ ស្រែកឲ្យបែកក្រពះទៅ ។

ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានកែពាក្យស្លោកចាស់មួយ ថា «កុំពត់ស្រឡៅ កុំប្រដៅអាក្មេងពាល» ។

សម្ដេចតេជោថា ពួកពាលនេះ មិនងាយប្រដៅនោះទេ ប្រដៅយ៉ាងម៉េចក៏វាមិនទៅដែរ ប៉ុន្តែពួកនេះ បានតែនៅក្រៅប្រទេសទេ បើនៅក្នុងប្រទេស «ខ្ញង់»(ញុក)ហើយ កុំសូវពេក ។

សម្ដេចតេជោសង្កត់ធ្ងន់ថា «និយាយពីថាវាវាយប្រហារ គឺគ្រប់តែម្ដង អីក៏វាវាយដែរ ជាងឆ្កែឆ្កួតទៅទៀត ហែងសំណាង ហើយដែលនៅក្រៅប្រទេស តែបើនៅក្នុងស្រុកវិញ មិនដឹងថានៅព្រៃស ឬកន្លែងណាទេប្រាប់ឲ្យហើយ »។

សម្ដេចបន្ថែមថា និយាយចឹងថាគេគាប់សង្កត់ ចុះត្រង់និយាយមូលបង្កាច់គេនោះ យ៉ាងម៉េចវិញ៕

To Top