ព័ត៌មានជាតិ

សម្ដេច សាយ ឈុំ ៖ បច្ចុប្បន្ន និងអនាគត រាជរដ្ឋាភិបាល បន្តអនុវត្តដោយខ្ជាប់ខ្ជួន ក្នុងការគោរពសេរីភាពខាងជំនឿ

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានថ្លែងថា បច្ចុប្បន្ន និងទៅអនាគត រាជរដ្ឋាភិបាលកម្ពុជាបន្តអនុវត្តដោយខ្ជាប់ខ្ជួន ក្នុងការគោរពសេរីភាពខាងជំនឿ ការប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនា។

នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តលុម្ពិនីសាលវ័ននារាម ហៅវត្តអូរសោម ស្ថិតក្នុងឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សម្តេច សាយ ឈុំ បានគូសបញ្ជាក់ថា លទ្ធិព្រះពុទ្ធសាសនា បានចាក់ឫសយ៉ាងជ្រៅ ទៅក្នុងក្រអៅបេះដូង របស់ប្រជាជនកម្ពុជា ។
ប្រជាពុទ្ធបរិស័ទ លោកយកព្រះពុទ្ធសាសនា ជាទីពឹងដើម្បីស្វែងរកសេចក្តីសុខ សេចក្តីចម្រើនទាំង ក្នុងបច្ចុប្បន្នជាតិ និងក្នុងអនាគតជាតិ។ ព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ គឺជាទឹកអម្រិត ដែលជនានុជនគ្រប់រូប ប្រាថ្នាចង់បានគ្រប់ៗគ្នា។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យ៉ាងច្បាស់ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយចារិកជាបាវចនារបស់ប្រទេសជាតិ ជាតិ សាសនា ព្រះមហាក្សត្រ ហើយក្នុងបទចម្រៀងគោរពទង់ជាតិ របស់យើងក៏រំលេចខ្លឹមសារ នឹកដល់គុណព្រះពុទ្ធសាសនាផងដែរ។

សម្តេច ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ទៀតថា «បច្ចុប្បន្នក៏ដូចជាទៅ អនាគត រាជរដ្ឋាភិបាលកម្ពុជា បន្តអនុវត្តដោយខ្ជាប់ខ្ជួន ក្នុងការគោរពសេរីភាព ខាងជំនឿ ការប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការប្រណិប័តន៍ សាសនាផ្សេងៗទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ខិតខំធ្វើឲ្យវត្តអារ៉ាម និងវិហារសាសនាឯទៀតៗ ក្លាយជាមជ្ឈមណ្ឌលនៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌ អប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម»។

សម្ដេច ប្រធានព្រឹទ្ធសភា បន្ថែមថា ការពង្រឹងសុខដុមនីយកម្មរវាងគ្រប់សាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទប់ស្កាត់ការធ្វើអាជីវកម្មលើ សាសនា ប្រឆាំងការរើសអើងបែកចែក រវាងប្រជាជន និងប្រជាជន ដែលបណ្តាលមកពីភាពខុសគ្នា ខាងជំនឿ និងសាសនាសំដៅប្រែក្លាយ សកក្តានុពលរបស់សាសនាទាំងអស់ ទៅជាកម្លាំងសាមគ្គីមួយដ៏ខ្លាំងក្លា ក្នុងការការពារសន្តិភាព ឯកភាពជាតិ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សូមរំលឹកថា គិតមកដល់បច្ចុប្បន្ននេះ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា មានវត្តព្រះពុទ្ធសាសនាចំនួន៥.១០៤វត្ត ព្រះសង្ឃ៧០.៩០៥អង្គ ក្នុងនោះមានសមណសិស្ស-សមណនិស្សិត និងសិស្ស-និស្សិតបាននិងកំពុងរៀននៅតាមពុទ្ធិកសិក្សាគ្រប់កម្រិតទាំងអស់ចំនួន ៤៥.២៥៤អង្គ/នាក់។ ទាំងអស់នេះគឺ ជាសក្ខីកម្មបង្ហាញយ៉ាងច្បាស់ណាស់ថា បច្ចុប្បន្នវិស័យព្រះពុទ្ធសាសនានៅកម្ពុជា បាននឹងកំពុងរីកចម្រើនយ៉ាងខ្លាំងក្លាទាំងបរិមាណ និងគុណភាព ៕

To Top