ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរកម្ពុជា នឹងអញ្ជើញសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក្រ សហគ្រាសចំនួន១៩។នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន។
តាមការឲ្យដឹងពី លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កន្លងទៅសម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបជាមួយបងប្អូនកម្មករនិយោជិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាលនេះ១ដង រួចមកហើយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន១៥ ៦០៦នាក់ មកពី២២រោងចក នៅក្នុងខេត្តកណ្តាល។
ហើយលើកនេះជាលើកទី២ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញមកស្រុកពញាឮ ខេត្តកណ្តាលជាថ្មីម្តងទៀត ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតសរុបចំនួន១៧ ៣០៧នាក់ មកពីរោងចក្រសហគ្រាសចំនួន១៩ ក្នុងនោះមកពីសួនឧស្សាហកម្មខេមតុន និងតំបន់ផ្សេងទៀតនៃខេត្តកណ្តាលចំនួន១៣រោងចក្រ ដែលមានកម្មករនិយោជិតចំនួន ៩៤៦៨នាក់, ខេត្តកំពង់ស្ពឺ ចំនួន៤រោងចក្រ ដែលមានកម្មករ និយោជិតសរុប១៥៦៥នាក់, និងខេត្តកំពង់ឆ្នាំងចំនួន២រោងចក្រ ដែលមានកម្មករនិយោជិតសរុប ៦២៧៤នាក់។
សួនឧស្សាហ៍កម្មខេមតុន ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ មានទំហំផ្ទៃដី១៩ហិកតា បានបោះទុនវិនិយោគចំនួន៨លានដុល្លារសហរដ្ឋអាម៉េរិក ដែលមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២ កំពុងដំណើរការ គឺ រោងចក្រ ផៅវ័រហ្វុល រីចឈីស ហ្កាម៉ិន (ខេមបូឌា) ឯ.ក (Powerful Riches Garment (Cambodia) Co., LTD) និង រោងចក្រ វាយអ៊ុន ធិច ឯ.ក (YNTEX Co., LTD) និងមានកម្មករនិយោជិតសរុប ចំនួន ២៨៣៣នាក់។ រោងចក្រសហគ្រាសចំនួន១៧ ផ្សេងទៀត ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៨, ផលិត ផលិតផលធ្វើដំណើរ និងកាបូបចំនួន៥, ផលិតនិងផ្គុំដំឡើងបន្ទះសូឡាចំនួន២ និងផលិតស្បែកជើងចំនួន២។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសកាណាដា ប្រទេសជប៉ុន ។ល។
នៅឆ្នាំ២០២៣ រោងចក្រកាត់ដេរនៅខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង សរុបចំនួន ៣៨២រោងចក្រ មានកម្មករនិយោជិតសរុប ៣៣ម៉ឺននាក់ ក្នុងនោះខេត្តកណ្តាល មាន ១៧១រោងចក្រ ដែលមាន កម្មករនិយោជិតសរុប ១៣ម៉ឺននាក់, ខេត្តកំពង់ស្ពឺ មាន ១៩១រោងចក្រ ដែលមានកម្មករនិយោជិតសរុប ១៥ម៉ឺននាក់ និងខេត្តកំពង់ឆ្នាំង មាន ២០រោងចក្រ ដែលមានកម្មករនិយោជិតសរុប ៥ម៉ឺននាក់។