ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសុខាភិបាល ឱ្យបញ្ឈប់ការផ្សព្វផ្សាយ លក់ផលិតជំនួយផ្លូវភេទបុរស និងផលិតផលជំនួយ អារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ

រូបភាពពីហ្វេសប៊ុក ក្រសួងសុខាភិបាល

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវទប់ស្កាត់ ឬបញ្ឈប់ការផ្សព្វផ្សាយ លក់ផលិតជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ។

តាមរយៈលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៥ កក្កដា លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានឲ្យដឹងថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល សង្កេតឃើញមានការផ្សព្វផ្សាយលក់ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ ជាអាទិ៍៖ Facebook, TikTok, Telegram, Instagram, YouTube, Website យ៉ាងអនាធិបតេយ្យ ហើយក្រសួងសុខាភិបាលមានការលំបាកក្នុងការស្វែងរកជនល្មើសដើម្បីមកផ្តន្ទាទោសតាមច្បាប់។

លោករដ្ឋមន្ដ្រី បន្ដថា តាមអនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ រាល់ការចរាចរឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ញិកាពីក្រសួងសុខាភិបាល ហើយការផ្សព្វផ្សាយផលិតផលទាំងនេះតាមគ្រប់រូបភាព ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដោយឡែកគ្រប់ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី ក្រសួងសុខាភិបាលមិនអនុញ្ញាត ឲ្យមានការផ្សព្វផ្សាយជាសាធារណៈឡើយ។

លោករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «ដូច្នេះ ក្រសួងសុខាភិបាល សូមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ មេត្តាជួយសហការទប់ស្កាត់បញ្ឈប់ការផ្សព្វផ្សាយលក់ផលិតផលខាងលើ ដើម្បីបង្ការកុំឲ្យកើតមានគ្រោះថ្នាក់ពីការប្រើប្រាស់ផលិតផលទាំងនេះ ក៏ដូចជាការបង្ការមិនឲ្យមានបទល្មើសឧក្រិដ្ឋ ជាយថាហេតុផ្សេងៗទៀតផងដែរ»៕

To Top