ព័ត៌មានជាតិ

លោកស្រី ស៊ឹង សុធី មេបក្សស្រ្តីដើម្បីស្រ្តី ៖ ពេលខ្ញុំជាប់ឆ្នោត នឹងផ្តល់លទ្ធភាព គ្រប់គ្រាន់ សម្រាប់អ្នកជាប់ទោស

រូបភាពដើមអម្ពិល

ភ្នំពេញ ៖ ឈានជើងចូលប្រឡូក ក្នុងឆាកនយោបាយ ជាលើកដំបូង ក្នុងអាណត្តិទី៧នេះ លោកស្រី ស៊ឹង សុធី ជាប្រធានគណបក្សស្រ្តី ដើម្បីស្រ្តី ដែលមានប្រភព ចេញមកពីអ្នកជំនួញ (ម្ចាស់សណ្ឋាគារ នៅសៀមរាប) រូបស្រស់ បានលើកឡើងថា នឹងជួយផ្តល់លទ្ធភាព ដល់អ្នកទោសឲ្យរស់រានស្មើភាព ក្នុងនាមជាមនុស្សជាតិ ។

តាមរយៈកិច្ចសម្ភាសន៍ ពិសេសជាមួយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោកស្រីមេបក្ស ដែលមានដើមកំណើត នៅខេត្តសៀមរាប ហើយជាម្ចាស់ សណ្ឋាគារ មួយរូបដែរនោះ បានអះអាងថា ចំពោះអ្នកជាប់ពន្ធនាគារទាំងឡាយ នឹងមានអាហារហូបចុកគ្រប់គ្រាន់លែង ខ្វះខាតទៀតហើយ ព្រោះនឹងបំផុសគំនិត ពួកគាត់ឲ្យចេះដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីយកទៅលក់ ហើយបានថវិកា មកផ្គត់ផ្គង់ពួកគាត់វិញ ។

លោកស្រីបញ្ជាក់ថា “បើសិនជានាង ខ្ញុំឈ្នះឆ្នោត ធ្វើជានាយករដ្ឋមន្រ្តី អ្នកដែលនៅក្នុងគុកលែងរស់ពិបាកទៀតហើយ ហើយបងប្អូនមិនបាច់យក លុយឲ្យគាត់ទៀតទេ ព្រោះគាត់មានហូបគ្រប់គ្រាន់ លែងត្រូវការលុយទៀតហើយ”

ដើម្បីឲ្យអ្នកទោសមានសិទ្ធិសេរីភាព និង ទទួលបានចំណេះដឹងទូទៅដូចមនុស្សធម្មតា លោកស្រីក៏បានស្នើឲ្យ អ្នកមានសាច់ញ្ញាតិ ដែលកំពុងជាប់ពន្ធនាគារនោះ ត្រូវបោះឆ្នោត ជូនលោកស្រីឲ្យជាប់ឆ្នោត ជានាយករដ្ឋមន្រ្តី អាងនឹងធ្វើកិច្ចការងារនេះ។

ជាមួយគ្នានេះ លោកស្រីក៏បានអះអាងថា នៅពេលជាប់ឆ្នោតក្លាយជានាយករដ្ឋមន្រ្តី នឹងធ្វើច្បាប់ការពារ អតីតនាយករដ្ឋមន្រ្តី និងមិនសើរើរចនាសម្ព័ន្ធ ចាស់របស់អតីតនាយករដ្ឋមន្រ្តីទេ ។

ចំពោះគណបក្ស ដែលបានយកឈ្មោះស្រ្តីជាធំនេះដែរ លោកស្រីបង្ហាញថា ដោយសារតែលោកស្រី បានឃើញស្រ្តីៗភាគច្រើននៅទន់ជ្រាយ មិនទាន់បានចូលរួមបម្រើការងារ សង្គមបានទូលំទូលាយនៅឡើយ ដោយសារតែពួកគាត់នៅតែដាក់ខ្លួន ឯងជាស្រ្តីមេផ្ទះ៕

To Top