ព័ត៌មានជាតិ

អាជ្ញាធរ បង្ក្រាបជនសង្ស័យ២នាក់ និងដកហូត សារធាតុញៀន ចម្រុះជិត៦០គីឡូ

ភ្នំពេញ ៖ កងកម្លាំងជំនាញ នៃការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបជន សង្ស័យចំនួន២នាក់ និងដកហូតសារធាតុញៀន ចម្រុះទម្ងន់ប្រមាណជា ៥៨គីឡូក្រាម

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿង នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំង អធិការដ្ឋាននគរបាល ខណ្ឌព្រែកព្នៅ បានស្រាវជ្រាវបង្ក្រាបករណីដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ នៅចំណុចដីឡូតិ៍ទុលចោល មហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២ សីហា ។

វត្ថុតាងចាប់យក ៖ សារធាតុញៀន (ខេតាមីន) ចំនួន ២០ដុំ ទម្ងន់ ២០គីឡូក្រាម ដែលលាក់ទុកក្នុងវ៉ាលី ពណ៌ទឹកប៊ិច ចំនួនមួយ និង រថយន្តម៉ាក High Lander ចំនួន១គ្រឿង ។ បន្ទាប់មកកម្លាំងជំនាញ បានស្រាវជ្រាវរកឃើញ សារធាតុញៀន (មេតំហ្វេតាមីន) ចំនួន ១០ដុំទៀត ទម្ងន់ ១០គីឡូក្រាម លាក់ទុកក្នុងបាត រថយន្តកែច្នៃ សម្រាប់ដឹកគ្រឿងញៀន។

បន្ទាប់ពីកំណត់មុខសញ្ញាបក្ខពួកមួយចំនួនរួចមក នៅថ្ងៃទី៣ សីហា លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ចុះសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដើម្បីធ្វើការត្រួតពិនិត្យ និងឆែកឆេរគោលដៅ ស្តុកគ្រឿងញៀន ចំនួន ៣ទីតាំង ដកហូតសារធាតុញៀមចម្រុះចំនួន ១៩មុខ មានទម្ងន់ ២៨,៧៧៨គីឡូក្រាម និងសារធាតុញៀនប្រភេទ MDMA ទម្ងន់ ១០,៤៨ក្រាម និងកំណត់បានមុខ សញ្ញាមេក្លោងចំនួន២នាក់ និងបក្ខពួកមួយចំនួនទៀត ។

សរុបដកហូតសារធាតុចម្រុះ ទម្ងន់ ៥៨គីឡូ ៨៤៨ក្រាម ៖ មានសារធាតុញៀនទម្ងន់៣០,៧គីឡូក្រាម ក្នុងនោះមាន (ប្រភេទខេចំនួន១៩,៩១៥គីឡូក្រាម, ប្រភេទ ICE ចំនួន១០,៥គីឡូក្រាម, ប្រភេទ MDMA ចំនួន ១០,៤៨ក្រាម, សារធាតុមិនច្បាស់ទម្ងន់ ២៨,៧៨គីឡូក្រាម) ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញបានកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

To Top