ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ឲ្យនាយកដ្ឋានផ្លូវលំជនបទ សិក្សាបច្ចេកទេស ដើម្បីស្ថាបនាផ្លូវមានគុណភាព និងប្រើបានយូអង្វែង

រូបភាព ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញនិងណែនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ នាយកដ្ឋានផ្លូវលំជនបទ ត្រូវសិក្សាបច្ចេកទេស និងបទដ្ឋានគតិយុត្តិ ដើម្បីស្ថាបនាផ្លូវឲ្យមានគុណភាព និងអាចប្រើប្រាស់បានយូអង្វែង។

នេះបើតាមប្រសាសន៍របស់លោកក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនាយកដ្ឋានផ្លូវលំជនបទ នៅថ្ងៃ៦ កញ្ញា ។

នាឱកាសនោះលោក ឆាយ ឫទ្ធិសែន ក៏បានផ្ដល់អនុសាសន៍ណែនាំ និងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ នាយកដ្ឋានផ្លូវលំជនបទថា ដោយ ផ្អែកសមិទ្ធផលមានស្រាប់ នាយកដ្ឋានត្រូវខិតខំជម្រុញបង្កើន សមិទ្ធផល និងស្នាដៃថ្មីៗបន្ថែមទៀត ដើម្បីកសាងកម្ពុជា លើវិស័យអភិវឌ្ឍន៍ជនបទ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ។

ក្នុងនោះត្រូវពង្រឹងលើយន្តការ ត្រួតពិនិត្យបច្ចេកទេស និងគុណភាពផ្លូវ នៃគម្រោងដែលកំពុងអនុវត្ត ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ត្រូវសិក្សាបច្ចេកទេស និងបទដ្ឋានគតិយុត្តិ ដើម្បីស្ថាបនាផ្លូវ ឲ្យមានគុណភាព និងអាចប្រើប្រាស់បានយូអង្វែង។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ត្រូវជំរុញទៅតំបន់ ដែលមានសក្តានុពលសេដ្ឋកិច្ច ។ ធ្វើលទ្ធកម្មដេញថ្លៃស្ថាបនាផ្លូវជនបទ ត្រូវធ្វើដោយតម្លាភាព និងស្របតាមនីតិវិធី ។ ត្រូវរៀបចំការបណ្តុះបណ្តាល បន្ថែមដល់មន្ត្រីបច្ចេកទេសដើម្បីបំពេញការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។ ពិនិត្យលទ្ធភាពក្នុងការធ្វើ ប្រតិភូកម្ម ការងារស្ថាបនា ថែទាំ និងជួសជុលផ្លូវ ជូនដល់បណ្តាខេត្តដែលមានសមត្ថភាព និងមានមន្រ្តីជំនាញគ្រប់គ្រាន់ ។

ជាមួយគ្នានោះ នាយកដ្ឋាន ក៏ត្រូវសិក្សាអំពីការដាក់លេខខ្សែផ្លូវជនបទ ដែលមានស្រាប់ និងកំពុងស្ថាបនា ។ ពង្រឹងការងារមន្ទីរពិសោធន៍ ក្នុងការត្រួតពិនិត្យសម្ភារៈ និងវត្ថុធាតុដើមដែលត្រូវយកមកស្ថាបនាផ្លូវ និងសំណង់សិល្បការ្យឲ្យស្របតាមបទដ្ឋានបច្ចេកទេស និងសិក្សា រកវត្ថុធាតុដើមថ្មីៗ ដែលមានគុណភាពក្នុងការយកប្រើប្រាស់ ក្នុងពេលខាងមុខ ។ ត្រូវយកចិត្តទុកដាក់ដល់មន្ត្រីរាជការក្រោមឱវាទ ពិសេសមន្រ្តី ដែលមានជំងឺ ស្ត្រីមានផ្ទៃពោះ មន្ត្រីចូលនិវត្តន៍ និងធ្វើការលើកទឹកចិត្ត តាមរយៈការកោតសរសើរ ការផ្តល់គ្រឿងឥស្សរិយយស ដល់មន្ត្រីដែលមានស្នាដៃ ក្នុងក្រសួងកន្លងមក និងចំណុចមួយចំនួនទៀត ៕

To Top