ព័ត៌មានជាតិ

ឃាត់ខ្លួនក្មេងទំនើង ប្រុស-ស្រី១៥នាក់ នៅក្រុងប៉ោយប៉ែត

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះល្បាត និងត្រួតពិនិត្យក្នុងភូមិសាស្រ្តស្មុគស្មាញ ទីប្រជុំជន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ ដោយបានឃាត់ខ្លួនក្មេងទំនើង ដើរលេងយប់ជ្រៅចំនួន១៥នាក់។

ការបើកប្រតិបត្តិការនេះ ធ្វើឡើងដោយ អនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងលុបបំបាត់ទាំងអស់រាល់បទល្មើសទាំងឡាយ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើងតាមមូលដ្ឋាន។

ក្រោយការឃាត់ខ្លួន មន្រ្តីជំនាញផ្នែកប្រឆាំងគ្រឿងញៀន បានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ឃើញវិជ្ជមាន(+) ចំនួន៧នាក់ ស្រី១នាក់។

សម្ភារៈ និងវត្ថុតាងចាប់យករួមមាន ៖ ១-ម៉ូតូចំនួន៧គ្រឿង , ២-កាំបិតខ្វែវ១ដើម , ៣-ពូថៅ១ដើម , ៤-ថ្នាំគ្រាប់គ្រាប់ពណ៍ក្រហម មានអក្សរ(wy) ចំនួន៨ គ្រាប់ និងបំពង់កែវមួយកំណាត់១។

ក្មេងស្ទាវទាំង៧នាក់ ជាប់ពាក់ពន្ធ័សារធាតុញៀនរួមមាន ៖ ១-ឈ្មោះ រ៉ា វីត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ , ២-ឈ្មោះ គុយ គីណាល់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ , ៣-ឈ្មោះ វ៉ាយ វុធ ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ , ៤-ឈ្មោះ ថោង ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ , ៥-ឈ្មោះ លៀប ចន្តា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ , ៦-ឈ្មោះ ញឹម ចាន់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ និង៧-ឈ្មោះ រី នីង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ។

បច្ចុប្បន្ន ក្មេងដែលមានសារធាតុញៀន ត្រូវបាននគរបាលបន្តនីតីវិធី ឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីសួរនាំនិងចាត់ការតាមច្បាប់។ ចំពោះក្មេង៨នាក់ផ្សេងទៀត មិនពាក់ពន្ធ័សារធាតុញៀន ត្រូវបានធ្វើការអប់រំណែនាំ និងអនុញ្ញាតឲ្យឪពុកម្តាយ ឬអាណាព្យាបាល មកទទួលយកទៅអប់រំបន្ត ៕

To Top