ព័ត៌មានជាតិ

លោក ប៉ែន បូណា៖ ខួប៧០ឆ្នាំ នៃបុណ្យឯករាជ្យជាតិ ក្រោមម្លប់សន្តិភាព លើមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃការធានាស្ថិរភាពសង្គម និងការអភិវឌ្ឍន៍

ភ្នំពេញ៖ ក្នុងមហាទិវាប្រកបដោយមោទនភាពជាតិ នៃខួបអនុស្សាវរីយលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ វិច្ឆិកា ២០២៣ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ខួប៧០ឆ្នាំ នៃបុណ្យឯករាជ្យជាតិក្រោមម្លប់សន្តិភាព លើមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃការធានាស្ថិរភាពសង្គមនិងការអភិវឌ្ឍន៍ ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោក ប៉ែន បូណា បានថ្លែងថា ថ្ងៃទី៩ វិច្ឆិកា ២០២៣ គឺជាខួបអនុស្សាវរីយលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ។ ប្រជាពលរដ្ឋខ្មែរសូមរម្លឹកនឹកគុណ ដល់វីរភាពនៃព្រះបិតាឯករាជ្យជាតិ ព្រះមហាវីរក្សត្រ (ព្រះបរមរតនកោដ្ឋ) ដែលបានបំពេញព្រះរាជបូនីយកិច្ចដ៏ឧត្តុង្គឧត្តម ដើម្បីទាមទារឯករាជ្យជាតិពីបារាំងដោយសន្តិវិធី និងបានកសាងព្រះរាជាណាចក្រកម្ពុជា ឱ្យបានស្គាល់ភាពរុងរឿងមួយក្នុងប្រវត្តិសាស្ត្រ សម័យទំនើបដែលខ្មែរចងចាំមិនភ្លេច។

លោកបន្តថា ទន្ទឹមនឹងនេះដែរ ប្រជាពលរដ្ឋខ្មែរក៏សូមគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតដល់បិតាស្ថាបនិកនយោបាយឈ្នះឈ្នះនិងជាប្រតិបត្តិករសន្តិភាពដ៏ឆ្នើម នោះគឺសម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរចេញពីជ្រោះមរណៈនៃរបបប្រល័យពូជសាសន៍ និងបាននាំមកនូវសន្តិភាពពេញលេញដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ឱ្យកម្ពុជារីកចម្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំចុងក្រោយ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល គូសបញ្ជាក់ថា ប្រតិភូស្នាព្រះហស្ថនិងស្នាដៃដ៏អស្ចារ្យរបស់ព្រះបរមរតនៈកោដ្ឋនិងសម្តេចតេជោ កំពុងត្រូវបានថែរក្សា ការពារ និងពូនជ្រុំយ៉ាងហ្មត់ចត់បំផុតដោយមេដឹកនាំ បន្តវេនប្រកបដោយថាមពលនិងទេពកោសល្យខ្ពស់ នោះគឺសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាអ្នកធានានូវឯករាជ្យជាតិ សន្តិភាព អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពសង្គម និងការអភិវឌ្ឍន៍ ឱ្យស្ថិតស្ថេរជាដរាបតទៅក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ និងក្រោមកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ ដោយគ្មានអានុភាពអ្វីមករារាំងបានឡើយ ៕

To Top