ព័ត៌មានជាតិ

ឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព និងថ្នាក់ដឹកនាំ សមាគមសហព័ន្ធវិនិយោគិនកម្ពុជា -យុវជនសេដ្ឋកិច្ចកម្ពុជា អញ្ជើញដាក់កម្រងផ្កា អបអរសាទរ បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា លើកទី៧០

ភ្នំពេញ៖ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានដឹកនាំ ប្រភិភូ វិនិយោគិន ពាណិជ្ជករ អាជីវករ អ្នកជំនាញវិជ្ជាជីវៈ បុគ្គលស្វ័យនិយោជន៍ និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមកពីអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា អញ្ជើញដាក់កម្រងផ្កា នៅវិមានឯករាជ្យ ដើម្បីចូលរួម អបអរសាទរ បុណ្យខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ និង មីទ្ទីងមហាជន ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣ ។

សូមរំលឹកថា នៅមួយថ្ងៃមុន នៃការប្រារព្ធពិធីអបអរសាទរនៅថ្ងៃទី០៩ ខែវិច្ឆិកា ពោលគឺនៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា តែងមានការរៀបចំ ឱ្យមានមន្ត្រីជាន់ខ្ពស់​ នៃរាជរដ្ឋាភិបាលកម្ពុជា មកពីតាមបណ្តាក្រសួងស្ថាប័ននានា ចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅមណ្ឌបព្រះបរមរូបក្បែរវិមានឯករាជ្យ ក្នុងនោះ លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព តាងនាម​ឲ្យ ប្រភិភូ វិនិយោគិន ពាណិជ្ជករ អាជីវករ អ្នកជំនាញវិជ្ជាជីវៈ បុគ្គលស្វ័យនិយោជន៍ និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមកពីអង្គការ-សមាគម និងវិស័យឯកជននៅកម្ពុជា កាលពីល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ អញ្ជើញទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ” នៅមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យ និងបានបន្តដំណើរអញ្ជើញ ទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ នៅសិលាចារឹក ព្រះរាជបណ្តាំ នៅសួន ព្រះករុណា ព្រះបរមរតនកោដ្ឋ” មុខព្រះបរមរាជវាំង។

ការអញ្ជើញដាក់កម្រផ្ការ ពីថ្នាក់ដឹកនាំ សមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា នាឪកាសនេះ ធ្វើឡើងដើម្បីចូលរួម អបអរសាទរ បុណ្យខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ និង មីទ្ទីងមហាជន ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣ ផងដែរ ។

គួររំលឹកថា ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គឺជាខួប៧០ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុង ចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លា របស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។ ដូចនឹងបណ្តាឆ្នាំកន្លងទៅដែរ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ពិធីអបអរសាទរត្រូវបានប្រារព្ធធ្វើឡើង យ៉ាងកងរំពង នៅលើបរិវេណវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ ទីតាំងនិមិត្តរូបការដណ្តើមបានឯករាជ្យ។

ពិធីអបអរសាទររំលឹកខួបនៃការដណ្តើមបានឯករាជ្យ ត្រូវបានប្រារព្ធឡើងយ៉ាងកងរំពងក្រោមរាជាធិបតីភាពព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ពិធីនេះក៏មានការអញ្ជើញចូលរួមអបអរសាទរពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

ការចូលគោរពព្រះវិញ្ញាណក្ខន្ធនេះ ធ្វើឡើងដើម្បីរលឹកនឹកដល់គុណូបការៈ និងវីរភាពដ៏ធំធេងរបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលបានយាងបំពេញព្រះរាជបូជនីយកិច្ច និងបូជាអស់កម្លាំងព្រះកាយពល បញ្ញាញាណ ក្នុងការដណ្តើមឯករាជ្យ ពីប្រទេសបារាំង ហើយពិធីនេះ  ក្រៅតែពីក្នុងរាជធានីភ្នំពេញ នៅតាមបណ្តាខេត្តនានាក៏មានការរៀបចំពិធីអបអរសាទរដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដី របស់ប្រជាជាតិកម្ពុជានេះផងដែរ៕

To Top