ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបឲ្យដឹងថា អាកាសយាន្តដ្ឋានអន្តរជាតិ សៀមរាប-អង្គរ នឹងក្លាយជាគម្រោងគំរូ Pilot Project មុនគេ នៅឆ្នាំ២០២៤ ដែលមានភាពសាមញ្ញ នៅក្នុងការបំពេញទម្រង់ E-Arrival ។
ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាថ្ងៃ១៦ វិច្ឆិកា សម្តេចធិបតីមានប្រសាសន៍ថា “គោលការណ៍ដើម្បីឲ្យដើរឲ្យបានល្អ កិច្ចការដែលត្រូវយកចិត្តទុកដាក់បន្ថែម ទីមួយគឺការរៀបចំការគ្រប់គ្រងឲ្យបានល្អ ធានាធ្វើយ៉ាងណាការផ្ដល់សេវាគ្រប់ប្រភេទគ្រប់ជ្រុងជ្រោយ នៅក្នុងព្រលាននេះ មានដំណើរការដោយរលូន ដោយធ្វើយ៉ាងណាឲ្យការងារ ទាំងអស់រួមទាំងការងារបដិសណ្ឋារកិច្ច ការផ្ដល់សេវាផ្សេងៗ ទាំងសេវានៅខាងក្រៅ និងនៅក្នុងឲ្យជាកន្លែងមួយ ដែលថាអ្នកដំណើរឆ្លងកាត់ មានអនុស្សាវរីយ៍ល្អ ហើយជាព្រលានយន្តហោះមួយ ដែលមានការទទួល-ផ្ដល់សេវាដោយភាពកក់ក្ដៅ”។
សម្តេចធិតីបន្តថា “ចឹងគឺការគ្រប់គ្រងរៀបចំ នៅក្នុងយន្តការនៃការគ្រប់គ្រងនេះ គឺសំខាន់ ទាំងផ្នែកឯកជន ទាំងក្រុមហ៊ុនវិនិយោគ ជាមួយស្ថាប័នរដ្ឋទាំងអស់ ត្រូវធ្វើយ៉ាងណាដើម្បីកន្លែងនេះ ទៅជាកន្លែងបដិសណ្ឋារកិច្ចមួយ ដែលព្រលានយន្តហោះ ភាគច្រើននៅលើពិភពលោក ការប្រកួតប្រជែង ។ ឥឡូវ គេលែងគ្រាន់តែជាព្រលាន យន្តហោះមួយដែលបំរើ ទៅដល់ការឆ្លងកាត់នោះទេ ប៉ុន្តែទៅជាកន្លែងមួយ សឹងតែជាកន្លែងផលិតផល ទេសចរណ៍មួយខ្លួនឯងតែម្តង នៅតាមប្រទេសច្រើន ការរៀបចំផ្ទៃក្នុង ការរៀបចំកន្លែងផាសុកភាព ការលក់ដូរផ្សេងៗ គឺសម្រួល ចឹងទីនេះ គឺត្រូវធ្វើយ៉ាងណា ធានានូវការរៀបចំចាត់ចែងឲ្យបានល្អ ទាំងបរិស្ថាន” ។
ចំណុចដូចសម្តេច រៀបរាប់ខាងលើនេះ សម្តេចក៏បានបញ្ជាក់ថា “ខ្ញុំក៏សូមផ្តល់ជូនដំណឹងផងដែរ អគ្គនាយកដ្ឋាន អគ្គអន្តោប្រវេសន៍ របស់កម្ពុជា បានរៀបចំនូវការ អនុវត្តគម្រោងថ្មីមួយ ពាក់ព័ន្ធទៅនឹង E-Arrival បានន័យថា ជួយសម្រួលនៅក្នុងការ ទី១ជួយធ្វើឲ្យសាមញ្ញភាព ភាពសាមញ្ញនៅក្នុងការបំពេញទម្រង់ពាក់ព័ន្ធទៅនឹង Custom អន្តោប្រវេសន៍ កាលមុនយើងមាន គយ យើងមាន ចត្តាឡីស័ក យើងមាន២,៣ទម្រង់ ឥឡូវយើងបង្រួមតែមួយទេ” ។
សម្តេចធិបតីសង្កត់ធ្ងន់ថា “យើងកាត់បន្ថយការប្រើក្រដាស ទៅជាការប្រើតាមប្រព័ន្ធបច្ចេកវិទ្យា អេឡិចត្រូនិក ចឹងរាល់ការបំពេញទាំងអស់ គឺចុះមក ភ្ញៀវដែលឆ្លងកាត់ទីនេះ គឺមិនចាំបាច់ឆ្លងបំពេញ Form ទេ គឺអាចឆ្លងកាត់ ដើម្បីងាយស្រួល ហើយគម្រោងនេះ ដែលត្រូវធ្វើឲ្យចប់នៅក្នុងចុងឆ្នាំ២០២៣ ហើយនឹងត្រូវអនុវត្តជាគម្រោង គំរូ Pilot Project នៅព្រលានយន្តហោះសៀមរាបនេះមុនគេ នៅឆ្នាំ២០២៤”។
សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំតាប៉ែក ស្រុកសូទ្រនិគម និងឃុំគោកធ្លកលើ ស្រុកជីក្រែង នៃខេត្តសៀមរាប ដែលមានចំងាយ៤០គីឡូពីប្រាសាទអង្គរ និង៥០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ៕