ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច លោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញថាការដាក់ចេញនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសគឺជាយុទ្ធសាស្រ្តមួយរបស់រាជរដ្ឋាភិបាលអាណាត្តិទី៧ក្នុងការសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងប្រទេសប្រាក់ចំណូលខ្ពស់ឆ្នាំ២០៥០ ។
ការលើកឡើងបែបនេះបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានប្រកាសដាក់ឱ្យអនុវត្តនូវការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ២០២៣ ថ្មីៗនេះ ។
លោកថា៖ «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសគឺជាយុទ្ធសាស្រ្តរយៈពេលខ្លីក្នុងការបង្កើន
កម្លាំងជំនាញនៅក្នុងស្រុកនាពេលអនាគត ។ ដូច្នេះហើយរាជរដ្ឋាភិបាលកម្ពុជាបានជាចាប់ផ្តើមកំណត់
កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិនេះឡើង » ។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះពន្យល់ថា នៅពេលដែលកម្ពុជាមានកម្លាំងពលកម្មជំនាញគ្រប់គ្រន់នោះកម្លាំងពលកម្មនៅកម្ពុជាអាចឆ្លើយតបទៅនិងតម្រូវការ ការវិនិយោគធំៗពីក្រៅប្រទេសចូលមកកម្ពុជា ។ ហើយពលរដ្ឋកម្ពុជាអាចមានជំនាញមួយច្បាស់លាស់ មានការងារល្អ ប្រាក់ចំណូលសមរម នោះកម្ពុជានិងរួចផុតបន្ទាត់នៃភាពក្រីក្រនាពេលអនាគត៕