ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសបិទ មិនឲ្យផលិតអគ្គិសនី ដុតដោយធ្យូងថ្ម នៅកម្ពុជា

រូបភាព ម៉ៅ ដារ៉ាត់

កោះកុង ៖ ថ្លែងក្នុងពិធីបិទស្ទឹងសាងសង់ ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាថ្ងៃទី៣០ ខែវិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបិទ មិនឲ្យមានគម្រោងអភិវឌ្ឍន៍ រោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម នៅកម្ពុជា តទៅទៀត ។

សម្ដេចធិបតីមានប្រសាសន៍ថា «បញ្ឈប់ការអភិវឌ្ឍរោងចក្រ ផលិតអគ្គិសនីដុតធ្យូងថ្ម និងពិនិត្យលទ្ធភាព ដាក់ឲ្យរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម ដែលមានស្រាប់ បញ្ឈប់ដំណើរការ មុនការកំណត់នៅកម្ពុជា ។ នេះជាគោលដៅធំ ។ ចឹងរាល់សំណើរផ្សេងៗដែលសុំ សូមប្រកាសឲ្យហើយប្រសិនថា បើអ្នកណាចង់មកវិនិយោគ ធ្វើរោងចក្រផលិតអគ្គិសនី ដុតធ្យូងថ្ម នៅកម្ពុជា កុំមកនាំតែខាតលុយជិះយន្តហោះមកទេ ។ នៅចក្រភពអង់គ្លេស យើងបានប្រកាសហើយ គោលនយោបាយ របស់យើងបានសម្រេច និងបន្តអនុវត្តតទៅទៀត»។

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចបានសម្រេចបញ្ឈប់គម្រោង អភិវឌ្ឍន៍រោងចក្រផលិតអគ្គិសនី ដុតធ្យូងថ្ម អានុភាព ៧០០មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដោយឲ្យក្រសួងរ៉ែ និងថាមពល ពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគ ពិនិត្យលទ្ធភាពប្តូរ គម្រោងវិនិយោគផលិតអគ្គិសនីដុតធ្យូងថ្មនេះ ទៅជាគម្រោងផលិតអគ្គិសនីដុតឧស្ម័ន LNG ដែលបំភាយឧស្ម័នកាបូនតិចតួចវិញ។

សម្ដេចធិបតី ក៏បានអនុញ្ញាតជាគោលការណ៍ ឲ្យក្រសួងរ៉ែ ពិនិត្យលទ្ធភាពពីការឈាន ទៅដល់ការធ្វើការជាក្រុមហ៊ុន ក្នុងការបញ្ចប់សកម្មភាព រោងចក្រផលិតអគ្គិសនីដុតដោយធ្យូងថ្ម នៅកម្ពុជា ឲ្យបានមុនការកំណត់ ៕

To Top