ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា ដោយបានឱ្យដឹងថា នៅខេត្តកែបនិងខេត្តកំពត មានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី៤០ -៥០% ។
តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន មានឥទ្ធិពលខ្សោយ មកលើភាគខាងជើង និងភាគឦសាននៃប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។
ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ៖
១/ តំបន់វាលទំនាប៖ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។ ថ្ងៃទី៣ ខែធ្នូ នៅរាធានីភ្នំពេញ និងបណ្តាខេត្តនៅប៉ែកខាងត្បូង មានភ្លៀងធ្លាក់ខ្សោយ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី២០-៣០%។
២/តំបន់ខ្ពង់រាប៖ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។
៣/ តំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី២៩-៣១°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។ ថ្ងៃទី៣ ខែធ្នូ នៅខេត្តកែបនិងខេត្តកំពត មានភ្លៀងធ្លាក់ លាយឡំផ្គររន្ទះ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី៤០ ៥០% ។ រលកសមុទ្រ មានកម្ពស់ពី០,៥០-១,២៥ម៉ែត្រ៕