ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រតិភូក្រុមហ៊ុនចិន ដឹកនាំដោយលោកស្រី Charlee Lan

ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានអនុញ្ញាតឱ្យលោកស្រី Charlee Lan នាយិកាក្រុមហ៊ុនចិន China Harbour Engineering Company Ltd (CHEC) និងប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។

សូមជម្រាបថា ជំនួបពិភាក្សាការងារនាពេលនេះ ផ្តោតលើកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន ជាមួយក្រសួងធនធានទឹក និងឧតុនិយម ជាពិសេសលើកិច្ចការងារអាទិភាព ដែលក្រសួងគ្រោងនឹងដាក់ចេញនៅឆ្នាំ២០២៤ខាងមុខ ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ ដល់ប្រតិភូក្រុមហ៊ុនចិន និងបានអបអរសាទរចំពោះក្រុមហ៊ុនCHEC ដែលបានទទួលជោគជ័យ នៅក្នុងប្រតិបត្តិការអាជីវកម្ម ទាំងនៅក្នុងប្រទេសចិន និងប្រទេសកម្ពុជា និងបានថ្លែងនូវការអរគុណ ចំពោះការបណ្តាក់ទុនវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ជូនដល់ប្រជាពលរដ្ឋកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានសំណូមពរ ដល់ក្រុមហ៊ុនចិន ពិចារណាជួយដល់វិស័យឧតុនិយម ជាពិសេសការសាងសង់ Doppler Radar ដើម្បីជំរុញការព្យាករឧតុនិយមឱ្យកាន់តែរីកចម្រើន និងមានសុក្រិតភាព ។

លោកស្រីនាយិកាបានថ្លែងអំណរគុណ ចំពោះលោករដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

ជាការឆ្លើយតប លោកស្រីនាយិកាបានឯកភាព ទទួលយកសំណើទៅពិចារណា និងពិភាក្សាលម្អិត ជាមួយជំនាញផ្នែកឧតុនិយម ដើម្បីលើកជាគម្រោង ទៅរដ្ឋាភិបាលក៏ដូចជាភាគីចិន ដែលនឹងជួយទៅដល់វិស័យ ឧតុនិយមនៅកម្ពុជាឱ្យកាន់តែរីកចម្រើនទ្វេដង និងលើកកម្ពស់ការព្យាករ កាន់តែមានប្រសិទ្ធភាព នាពេលខាងមុខ ។

ជំនួបពិភាក្សាការងារបាន បញ្ចប់ដោយភាពរីករាយ និងសិទ្ធស្នាល ខណៈភាគីទាំងពីរបានសន្យាពង្រឹងនូវកិច្ចសហប្រតិបត្តិការនានានៅពេលខាងមុខ៕

To Top