ព័ត៌មានជាតិ

សម្តេចធិបតី ស្វាគមន៍បំណងក្រុមហ៊ុន Goldman Sachs សម្រាប់ការបណ្តាក់ទុន វិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ

ភ្នំពេញ៖ ក្រុមហ៊ុន Goldman Sachs ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងការវិនិយោគលើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ បានបង្ហាញបំណងរបស់ខ្លួន អំពីការពង្រីកឱកាសវិនិយោគរបស់ខ្លួន មកកាន់កម្ពុជា ខណៈសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនមួយនេះ ។

ក្នុងឱកាសជួបសម្តែងការគួរសម ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសស្វីស កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លោក Jared Cohen ប្រធានផ្នែកកិច្ចការសកល នៃក្រុមហ៊ុន Goldman Sachs បានលើកឡើង អំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Goldman Sachs Group, Inc. ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងការវិនិយោគលើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ ដោយបង្កើតឡើងក្នុងឆ្នាំ១៨៦៩ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ដល់អតិថិជនគ្រប់មជ្ឈដ្ឋាន ជាអាទិ៍ សាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាល និងបុគ្គល ជាដើម ។

លោក Jared Cohen ក៏បានជម្រាបជូនសម្តេចធិបតី ផងដែរ អំពីគោលបំណងពង្រីកឱកាសវិនិយោគរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ព្រមទាំងបានបង្ហាញនូវភាពជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចធិបតីនាយករដ្ឋន្ត្រី កម្ពុជានឹងបន្តការអភិវឌ្ឍ ប្រកបដោយភាពជឿជាក់ ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសុខសន្តិភាពពេញលេញ ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះបំណង របស់ក្រុមហ៊ុនក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្ត ឱ្យក្រុមហ៊ុនសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ នៅកម្ពុជា ក្នុងការសិក្សានិងស្វែងយល់ អំពីសក្តានុពលរបស់កម្ពុជា និងលទ្ធភាពក្នុងការវិនិយោគជាក់ស្តែង៕

To Top