ព័ត៌មានជាតិ

ខេត្ត៤ នៅតំបន់ខ្ពង់រាប នឹងចុះត្រជាក់​ ពេលព្រឹកពី១៦-១៩អង្សាសេ

ភ្នំពេញ ៖ ខេត្តចំនួន៤ នៅតំបន់ខ្ពង់រាប រួមមាន ៖ ខេត្តមណ្ឌលគិរី រតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសនឹងចុះត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៦-១៩អង្សាសេ ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក សម្រាប់ថ្ងៃទី១៩ មករា បានឲ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីចិន នៅតែបន្តឥទ្ធិពលគ្របដណ្តប់ មកលើភាគឦសាន ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។

ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យពីថ្ងៃទី១៩-២១ មករា នៅតំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមាពី២១-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី១៦-២៣អង្សាសេ សីតុណ្ហភាពអតិបរមាពី៣៣-៣៥អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី។ ខេត្តមណ្ឌលគិរី រតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៦-១៩អង្សាសេ។

សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា ពី៣២-៣៤អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី រលកសមុទ្រមានកម្ពស់ពី០,៥០-១,២៥ម៉ែត្រ៕

To Top