ព័ត៌មានជាតិ

វីតាល់ និងមីជាតិ បន្តចែករំលែកភាពកក់ក្តៅ ជាលើកទី៧ ជូនលោកតាធាក់ស៊ីក្លូ ប្រជាពលរដ្ឋខ្វះខាត និងចាស់ជរា ក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ វីតាល់ និងមីជាតិ បានសហការរៀបចំកម្មវិធីសប្បុរសធម៌ «ចែករំលែកផ្តល់ភាពកក់ក្តៅ លើកទី៧» នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅបរិវេណ ពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីចែកអំណោយជា គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ថែមទាំងផ្តល់ ការកាត់សក់ ជូនលោកតាធាក់ស៊ីក្លូ ចាស់ជរា និងប្រជាពលរដ្ឋខ្វះខាត ប្រមាណ ៣០០នាក់ នៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ។

កម្មវិធីសប្បុរសធម៌នេះ បានប្រព្រឹត្តទៅក្រោមវត្តមានលោកស្រី អ៊ឹម ប៉ូលីកា ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន , លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ,លោកស្រី តាន់ សឺយមួយ ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន KHH ព្រមទាំងមានការចូលរួមពីសំណាក់ គណៈគ្រប់គ្រងក្រុមហ៊ុន ប្រជាពលរដ្ឋ យុវជនស្មគ្រ័ចិត្ត និងក្រុមការងារជាច្រើននាក់។

លោក ជុន ហៀង ថាវសិទ្ធិ អនុប្រធានធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី បានអោយដឹងថា ការរៀបចំកម្មវិធីសប្បុរសធម៌ ដ៏ធំប្រចាំឆ្នាំ របស់វីតាល់ ដែលរហូតមកដល់ពេលនេះ យើងបានបន្តធ្វើជាទៀតទាត់គម្រប់៧ឆ្នាំ មកហើយនោះគឺ កម្មវិធីសប្បុរសធម៌ “ចែករំលែកភាពកក់ក្តៅ” ។

លោកបន្តថា កម្មវិធីសប្បុរសធម៌ របស់វីតាល់នេះ ត្រូវបានធ្វើការ វិវឌ្ឍ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយបន្ថែមនូវការរៀបចំ និងសម្ភារៈ គ្រឿងឧបភោគបរិភោគ ជាច្រើន ជូនដល់លោកតា លោកអ៊ុំ លោកពូ អ្នកមីង ជាភាគច្រើនជាអ្នកធាក់ស៊ីក្លួ និងអ្នកមានជីវភាពលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ សម្រាប់ឆ្នាំ២០២៤ វីតាល់ បានបន្ថែមលទ្ធភាព នៃការចូលរួមដោយមានការ អញ្ជើញដៃគូអាជីវកម្ម ក្នុងនោះមានក្រុមហ៊ុន ខ្មែរ ហៅហូល & ហ៊ែលឃែរ (KLEN Cambodia), ក្រុមហ៊ុន One More Restaurant និង មីជាតិផងដែរ ។

លោក ជុន ហៀង ថាវសិទ្ធិ បានបន្តទៀតថា ព្រឹត្តិការណ៍សកម្មភាពសប្បុរសធម៌ “ចែករំលែកភាពកក់ក្តៅ” លើកទី៧នេះ ត្រូវបានរៀបចំឡើង ដោយស្តែង ចេញពីគោលបំណង និងគុណតម្លៃ ពោរពេញដោយមនោសញ្ចេតនា និងសាមគ្គីភាព ក្នុងការចូលរួមចែករំលែក សេចក្តីស្រលាញ់ ចែករំលែកភាពកក់ក្តៅ ការយកចិត្តទុកដាក់ និង ការទំនុកបំរុងក្នុងស្មាតី នៃការការផ្សាយមេត្តាចិត្ត ដែលជាមួយគោលការណ៍ស្រលាញ់រាប់អាន ផ្តល់អធ្យាស្រ័យ និងគោរពគ្នា ដោយស្មោះស្ម័គ្រ ក្នុងនាមជាប្រជាជាតិតែមួយ តាមរយៈការចែករំលែកនូវស្បៀងអាហារ ថវិកា ថ្នាំសង្កូវ ជូនដល់លោកតា លោកអ៊ុំ លោកពូ អ្នកមីង បងៗ អ្នកខ្សត់ខ្សោយ ខ្វះខាត ដែលជួបប្រទះការលំបាក ដែលភាគច្រើន ជាអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ។

លោកបន្តថា បូរេប្រទាន នៃការរៀបចំកម្មវិធីនេះ គឺកើតចេញពីថវិកា របស់មូលនិធិ២៥រៀល ដែលជាការកាត់ចេញ នូវប្រាក់ចំណេញ ពី វីតាល់គ្រប់ៗដប ដែលលោកអ្នកពិសា គឺមានន័យថា លោកអ្នកបានបរិច្ចាគប្រាក់ចំនួន២៥៛ រាល់ពេលពិសាវីតាល់ ១ដប ជូនមូលនិធិនេះ សម្រាប់រៀបចំកម្មវិធីសង្គមនានា“។

លោកបានបន្ថែមថា ថ្វីត្បិតមួយរយៈចុងក្រោយនេះ ពិភពលោកទាំងមូលមានស្ថានភាពល្អប្រសើរ ក្រោយលែងមានការរាតត្បាត នៃជំងឺកូវីដ តែពិភពលោកទាំងមូល កំពុងតែបន្តប្រឈម និងស្ថាភាពវិវត្តន៍ថ្មីៗ នៃស្ថានភាពសេដ្ឋកិច្ច និងនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ! ដែលកត្តានេះតិចរឺច្រើន មានការ ជះឥទ្ធិពលដល់ លោកតា លោកពូ អ្នកមីង ដែលប្រកបរបរក្រៅប្រព័ន្ធតួយ៉ាង អ្នកធាក់ស៊ីក្លូ, បុគ្គលិកអនាម័យ, អ្នកគ្មានទីជម្រកជាដើម, ដែលលោកអ្នកទាំងអស់នោះ កាន់តែចាំបាច់ក្នុងការត្រូវការភាពកក់ក្តៅ ត្រូវការជំនួយ ដើម្បីសម្រួលដល់ទុក្ខលំបាក របស់ក្រុមគ្រួសារគាត់ ។

លោកបានអោយដឹងទៀតថា ដោយមើលឃើញ ពីស្ថានភាពល្អប្រសើរ ទើបវីតាល់ បានបន្តសម្រេចចិត្ត ដោយមានការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំ កម្មវិធី សប្បុរសធម៍ប្រចាំឆ្នាំ បន្តគ្រប់ៗឆ្នាំ ទោះក្នុងកាលៈទេសៈណាក៏ដោយ ជាមួយគុណតម្លៃ និងបេសកកម្ម របស់គោលគំនិតជារួមដដែល ។ ជាមួយគ្នានេះដែរ វីតាល់ និងដៃគូទាំងអស់បានតាំងចិត្ត ក្នុងការបង្កើតអោយមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមដោះស្រាយបញ្ហាចាំបាច់របស់សង្គម ឲ្យកាន់តែទូលំទូលាយ និងច្រើនបន្ថែមទៀត ។

លោក ជុន ហៀង ថាវសិទ្ធិ បានអោយដឹងថា អំណោយសម្ភារ និងស្បៀងអាហារ យកមកចែកជូន រួមមាន ៖ អង្ករ ១បាវ, វីតាល់ ១កេស, មីជាតិ ១កេស, ក្រម៉ា ១ / ភួច ១ / សូរទឹក ១, ត្រីខកំប៉ុង ១យួរ / ទឹកស៊ីអ៊ី / ទឹកត្រី / នំផ្អែម ១ប្រអប់ / ប្រេងកូឡា និងថវិកា ៤០ពាន់រៀល
ជាមួយគ្នានេះ ក្រុមហ៊ុន ខ្មែរ ហៅហូល ហ៊ែលឃែរ (KLEN Cambodia) ក៏បានឧបត្ថម្ភបន្ថែម រួមមាន ៖ សាប៊ូកក់សក់ ក្លិន ១ដប, ទឹកបាញ់ សម្លាប់មេរោគ ក្លិន ១ដប, សាប៊ូលាងសម្អាតដៃ ម៉ាកល្អ ១ដប, ជែលលាងសម្អាតដៃ ក្លិន ២ដប ៕

To Top