ព័ត៌មានជាតិ

លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ក្នុងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យ ជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួលហិរញ្ញប្បទានសម្បទានពីធនាគារកូរ៉េ Eximbank នៃសាធារណរដ្ឋកូរ៉េ។

សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់(IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួលប្រភពទឹកមកពីតាមបណ្តាអូរ ស្ទឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ប្រឡាយស្រោចស្រព និងដោះទឹកខ្នាតធំចំនួន ៥ខ្សែ មានប្រវែងសរុប ៨៧,៦គីឡូម៉ែត្រ សំណង់សិល្បការ សរុបចំនួន ១៨៧កន្លែង ស្តារអាងទឹកចំនួន ៣កន្លែង(អាងពង្រ អាងវាំងហែង និងអាងកន្សែង) និងជួសជុល អាងទឹកអូរខៃដន ។ គម្រោងនេះមានលទ្ធភាពស្រោចស្រពផ្ទៃដី បង្កបង្កើនផល សរុបប្រមាណជិត ២០ ០០០ហិកតា ប្រជាកសិករទទួលផលមានចំនួន ៤២ ២១៣គ្រួសារ ស្ថិតក្នុងឃុំចំនួន១៧ នៃក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ។

បើតាមរបាយការណ៍ក្រុមហ៊ុន សាងសង់បានឱ្យដឹងថា ការអនុវត្តគម្រោង អភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ មកដល់ពេលនេះសម្រេចបាន២០% លើផែនការ១៥% ។

បន្ទាប់ពីស្តាប់របាយការណ៍វឌ្ឍនភាព នៃការអនុវត្តគម្រោង លោករដ្ឋមន្ត្រី រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យជាក់ស្តែង ការងារសាងសង់តាមទីតាំងសំខាន់ៗរបស់គម្រោងដែលរួមមាន ប្រឡាយលេខ២ អាងទឹកពង្រ អាងទឹកអូរខៃដន អាងទឹកវាំងហែង និងប្រឡាយលេខ១-១ និងប្រឡាយលេខ១-២ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

លោករដ្ឋមន្ត្រី មានប្រសាសន៍ឱ្យដឹងថា ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ និង កាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណង ដើម្បីបង្កើន ផលិតភាពកសិកម្ម ជួយកាត់បន្ថយផលប៉ះ ពាល់ពីគ្រោះមហន្តរាយធម្មជាតិ និង បង្កើនប្រសិទ្ធភាព នៃប្រភពធនធានទឹក ក្នុងការធានាដល់ការ ផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ សម្រាប់ការបង្កបង្កើន ផលស្រូវ ដំណាំគ្រប់ប្រភេទ និងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងកាត់បន្ថយ បាននូវហានិភ័យបណ្តាល មកពីគ្រោះទឹកជំនន់ និង គ្រោះរាំងស្ងួត ជាផ្នែកមួយជួយលើកស្ទួយដល់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន ជាពិសេសកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារគម្រោង មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និង អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដែលបានបង្កលក្ខណៈឱ្យគម្រោងនេះ អនុវត្តទៅបានតាមផែនការដែលបានគ្រោងទុក។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំបន្ថែមដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ត្រូវបន្តកិច្ច សហការយ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ និងគ្រប់ភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាឱ្យការអនុវត្ត គម្រោងនេះ សម្រេចបានជោគជ័យ ប្រកបដោយគុណភាពខ្ពស់ និងបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់បានយូរអង្វែង។

គួរបញ្ជាក់ផងដែរថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្រោម ហិរញ្ញប្បទានសម្បទានពីធនាគារកូរ៉េ Eximbank និងដោយមានការគាំទ្រ សហការយ៉ាងជិតស្និទ្ធពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្ត គម្រោងចំនួនបីគឺ៖ ទី១)គម្រោងពហុបំណង ទំនប់ដូនទ្រី ស្ទឹងមោងឫស្សី ខេត្តបាត់ដំបងកំពុងដំណើរ ការសាងសង់ដែលគ្រោង បញ្ចប់នៅឆ្នាំ២០២៥ ទី២) គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ខេត្តបន្ទាយមានជ័យ កំពុងដំណើរការសាងសង់ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦ និង ទី៣)គម្រោងកាត់បន្ថយទឹកជំនន់ និង អភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្របវេលខេត្តបាត់ដំបង៕

default
default
default
default
default
default
default
To Top