ភ្នំពេញ៖ សម្ដេច ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានធ្វើការណែនាំឲ្យ បិទផ្លាកសញ្ញាចរាចរណ៍ផ្លូវគោក នៅតាមសាលាបឋម ដើម្បីឲ្យពួកគាត់ស្វែងយល់ អំពីផ្លាកសញ្ញាចរាចរណ៍។
នាឱកាសអញ្ជើញអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា១ខ្នង ចំនួន ៣បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សារំជៃ នៅភូមិរំជៃ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ សម្ដេច ស ខេង បានណែនាំដល់ប្រជាពលរដ្ឋចូលរួម គោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់។ ទន្ទឹមនឹងនេះ សម្ដេចក៏បានណែនាំឲ្យបង្រៀន ច្បាប់ចរាចរណ៍ដល់សិស្សានុសិស្ស តាំងពីសាលាបឋមឡើងទៅ ជាពិសេសត្រូវបិទផ្លាកសញ្ញាចរាចរណ៍ នៅតាមសាលារៀនផងដែរ។

សម្ដេចមានប្រសាសន៍ថា «សូមបន្ថែមសញ្ញាចរាចរណ៍ មកបិទនៅតាមសាលាបឋម ដើម្បីឲ្យក្មេងដឹងថា ខាងណាស្ដាំ ខាងណាឆ្វេង ហើយគេធ្វើដំណើរយ៉ាងម៉េច? ឆ្លងកាត់ឆ្លងម៉េច? អាហ្នឹងគឺបណ្ដុះតាំងពីហ្នឹងទៅ ព្រោះយើងវាទៅហើយ (ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ)។ ផ្លូវគមនាគមន៍ វាអាក្រក់ មិនសូវគ្រោះថ្នាក់ទេ ព្រោះវាអត់មានឡានបើកលឿនទេ»។
សម្ដេចបន្ដថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយសារអ្នកប្រើប្រាស់ផ្លូវ ដូច្នេះត្រូវរួបរួមត្រូវគោរពច្បាប់ចរាចរណ៍។ សម្ដេចក៏សង្កេតឃើញថា មានប្រជាពលរដ្ឋមួយចំនួន បានធ្វើរោងការ រោងបុណ្យ និងអ្នកលក់ដូរយកចំណីផ្លូវសម្រាប់ធ្វើអាជីវកម្ម ឬធ្វើកម្មវិធីផ្សេងៗ។ ករណីនេះ នាថ្ងៃខាងមុខ ត្រូវនាំគ្នាដោះស្រាយ ដើម្បីបញ្ចៀសយកចំណីផ្លូវ ទៅធ្វើអ្វីៗផ្សេងៗ៕
