ព័ត៌មានជាតិ

រដ្ឋមន្ដ្រីធនធានទឹក ស្នើ ADB ពង្រីកទុនវិនិយោគ លើវិស័យធនធានទឹក ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ

ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានស្នើធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) ពិចារណាក្នុងការពង្រីក ទុនវិនិយោគបន្ថែមទៀត លើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការ ប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា។

នាឱកាសអនុញ្ញាតឱ្យលោក Tom Panella ប្រធានក្រុមមូលធនធម្មជាតិ និងអាកាសធាតុនៃការិយាល័យកសិកម្ម ចំណីអាហារ ធម្មជាតិ និងការអភិវឌ្ឍជនបទ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ លោករដ្ឋមន្ដ្រី ថោ ជេដ្ឋា បានថ្លែងអំណរគុណ ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចូលរួមចំណែកយ៉ាងធំធេង ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការធ្វើទំនើបកម្មវិស្វកម្មវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា។

លោក រដ្ឋមន្ត្រីបានជម្រាបជូនប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីអំពីបេសកកម្មរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ នៅតែបន្តកសាងហេដ្ឋារចនា សម្ព័ន្ធធារាសាស្ត្រ អភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹក ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

លោក រដ្ឋមន្ត្រី បានលើកឡើងថា ពិភពលោកទាំងមូលបាននិងកំពុងប្រឈមចំពោះការប្រែប្រួលអាកាសធាតុ ដែលបង្កជាការឡើងកម្តៅនៃភពផែនដី ជាមួយគ្នានេះប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ និងជាប្រទេសងាយរងគ្រោះពីហានិភ័យនៃគ្រោះធម្មជាតិ ជាពិសេសទឹកជំនន់នារដូវវស្សា គ្រោះរាំងស្ងួតនៅរដូវប្រាំង ខ្យល់ព្យុះនិងខ្យល់កន្រ្តាក់ជាដើម។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពង្រឹងលើប្រព័ន្ធព្យាករណ៍ ប្រព័ន្ធប្រកាសអាសន្ន និងការជូនដំណឹងជាមុនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ ឱ្យត្រៀមលក្ខណៈប្រុងប្រយ័ត្នជាកិច្ចការចាំបាច់ ដើម្បីឈានទៅកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិនានា និងកាត់បន្ថយបានការខាតបង់ផ្នែកសេដ្ឋកិច្ច។ លោក គូសបញ្ជាក់ថា «ស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី ពិចារណាក្នុងការពង្រីកទុនវិនិយោគបន្ថែមទៀត លើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា»។

ក្នុងកិច្ចជំនួប តំណាងប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីលោក Tom Panella បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានបញ្ជាក់ជំហរមុតមាំថានឹងពិចារណាលើការផ្តល់ហិរញ្ញប្បទានលើការដំឡើងស្ថានីយ Doppler Radar តេជោសែនទី២ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងករណីដែលហិរញ្ញប្បទានពីសហគមន៍អឺរ៉ុបមានការយឺតយ៉ាវ។

គួរបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមកំពុងដំណើរការគម្រោងចំនួន២ ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើទំនើបកម្មលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម ចាប់ពីខ្នាតមធ្យមដល់ខ្នាតធំ ទី១)គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម(TAIP) និងទី២)គម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន(CFAVC)។ ដោយឡែកគម្រោងដែលកំពុងសិក្សាមានចំនួនពីរគឺ ទី១)គម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ(IWRM) និងទី២)គម្រោងធារាសាស្រ្តធន់អាកាសធាតុ និងកសិកម្មដែលមានភាពធន់ និងមាននិរន្តរភាព (CAISAR)៕

To Top