ភ្នំពេញ៖ «បោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតជូនខ្លួនឯង និងបោះឆ្នោត ដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ»។ នេះជាការអំពាវនាវរបស់លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងខេត្តក្រចេះ ស្ថិតក្នុងមណ្ឌលភូមិភាគ៨ ដោយមានការអញ្ជើញចូលរួម ពីអង្គបោះឆ្នោត និងថ្នាក់ដឹកនាំសរុបជាង ៣០០ នាក់។
លោកប្រធានក្រុមការងារបានថ្លែងថា គណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាគណបក្សនយោបាយតែមួយគត់ ដែលបានដើរតួនាទីស្នូល ក្នុងសង្គ្រោះជាតិ នាំយកសុខសន្តិភាពពេញលេញ និងអភិវឌ្ឍជាតិ ឱ្យរីកចម្រើនដូចសព្វថ្ងៃនេះ ហើយគ្មានគណបក្សណាមួយអាចមកជំនួសតួនាទី គណបក្សប្រជាជនកម្ពុជាបានឡើយ។
គណបក្សប្រជាជនកម្ពុជា ដែលតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា ដកស្រង់សាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, រយៈពេល ៤៥ ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានទទួលនូវជំនឿទុកចិត្ត ការជឿជាក់ និងគាំទ្រយ៉ាងរឹងមាំពីប្រជាពលរដ្ឋ និងបានធ្វើឱ្យគណបក្សប្រជាជនកម្ពុជាបំពេញបេសកកម្មបម្រើជាតិ ប្រកបដោយជោគជ័យ តាំងពីដំណាក់កាល សង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ រហូតមក សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រ យ៉ាងច្រើនជូនជាតិ។ បច្ចុប្បន្ន ប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុមរមនា ក្រោមម្លប់នៃសុខសន្តិភាព និងការឯកភាពជាតិ ហើយកំពុងឈានទៅមុខ យ៉ាងស្វាហាប់ដោយក្តីសង្ឃឹមលើមាគ៌ាប្រជាធិបតេយ្យ និងការអភិវឌ្ឍ។
លោក នេត្រ ភក្ត្រា បានជម្រាបជូនអង្គបោះឆ្នោត នៃគណបក្សប្រជាជនកម្ពុជាថា ទោះក្នុងកាលៈណាក៏ដោយ គណបក្សប្រជាជនកម្ពុជា ដែលបង្កើតឡើងដោយប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន នៅរួមរស់ជាមួយប្រជាជន និងបម្រើផលប្រយោជន៍ ប្រជាជនជានិច្ច។
យោងតាមរបាយការណ៍ របស់គណៈកម្មាធិការគណបក្សខេត្ត ដែលអានដោយលោក វ៉ា ថន ប្រធានគណៈកម្មាធិការបក្សខេត្តក្រចេះ, ខេត្តក្រចេះមានមានសមាជិក ក្រុមប្រឹក្សាឃុំសង្កាត់សរុបចំនួន ៣០០ រូប ក្នុងនោះក្រុមប្រឹក្សាឃុំសង្កាត់ជាអង្គបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជា មានចំនួន ២៤៤ នាក់និងសមាជិករដ្ឋសភាចំនួន ៣ នាក់សរុប ២៤៧ រូប។ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា មានសតិអារម្មណ៍ល្អ មានគោលជំហរស្មោះត្រង់ មានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ហើយប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១ នៅលើសន្លឹកឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខ ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំស្ថាប័នព្រឹទ្ធសភាបន្តទៀត។
គួរបញ្ជាក់ថាភូមិភាគទី៨ មានអាសនៈចំនួន ៦ និងបណ្តុះខេត្តចំនួន ៦ រួមមានខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី។
លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងថាបោះឆ្នោតព្រឹទ្ធសភា ជាការបោះឆ្នោតអសកល ប៉ុន្តែពិតជាមានសារៈសំខាន់ដ៏ធំធេង និងជាការពង្រឹងដំណើរការប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។
លោកបានអំពាវនាវ ដល់អង្គបោះឆ្នោតទាំងអស់ បោះឆ្នោតជូនគណបក្សប្រជជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រធានព្រឹទ្ធសភា។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈរួចហើយ ឈរឈ្មោះជាបេក្ខភាពសម្រាប់ប្រធានព្រឹទ្ធសភា នាពេលខាងមុខ។
លោកក៏បានជម្រាបជូនអង្គបោះឆ្នោត ពីគោលនយោបាយអាទិភាព របស់គណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍប្រទេស និងគោលការណ៍គ្រឹះ នៃការអភិវឌ្ឍឃុំសង្កាត់។
ជាមួយគ្នានេះ លោកប្រធានក្រុមការងារ គណបក្សបានស្នើដល់អង្គបោះឆ្នោត យកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ពិនិត្យឯកសារ សម្រាប់ការបោះឆ្នោត តាមដានប្រតិទិនពាក់ព័ន្ធនឹងការបោះឆ្នោត ឱ្យបានជាប់ជាប្រចាំ និងគោរពឱ្យបានខ្ជាប់ខ្ជួនបទបញ្ញត្តិច្បាប់នានា ពាក់ព័ន្ធទៅនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាផងដែរ៕