ព័ត៌មានជាតិ

ទូតហ្វីលីពីន សរសើរវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាន

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងាជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី ម៉ារៀ អាមេលីតា ស៊ី អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា បានកោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន នាពេលកន្លងមក។

ឱកាសនៃជំនួបនេះ លោកស្រី ម៉ារៀ អាមេលីតា ស៊ី អាគីណូ បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យមានការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ជនបរទេស ដែលកំពុងស្នាក់នៅ និងធ្វើការនៅកម្ពុជាដោយមិនគិតថ្លៃ និងមិនមានការរើសអើង។

លោកស្រីឯកអគ្គរដ្ឋទូត ក៏បានថ្លែងកោតសរសើរ ចំពោះភាពជោគជ័យនៃការរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ព្រមទាំងការរួមចំណែកដ៏ធំធេងរបស់កម្ពុជា ក្នុងបេសកកម្មថែរក្សាសន្តិភាពពិភពលោក តាមរយ:ការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ផងដែរ។

ទន្ទឹមនឹងនោះ លោកស្រី ក៏បានជម្រាបសម្តេចធិបតីផងដែរ អំពីការបំពេញបេសកកម្មការទូត និងការសម្រេចបាននូវសមិទ្ធផលជាច្រើន នៅក្នុងទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរក្នុងអាណត្តិការទូត របស់លោកស្រី ជាពិសេសវិស័យពាណិជ្ជកម្ម ការនាំចេញអង្ករពីកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន ការលើកកម្ពស់នៃការភ្ជាប់ទំនាក់ទំនង រវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការលើវិស័យដោះមីន ទេសចរណ៍ ក៏ដូចជាវិស័យការពារជាតិរវាងកងទ័ព និងកងទ័ព និងការផ្សារភ្ជាប់ទំនាក់ទំនង រវាងធុរកិច្ចនៃប្រទេសកម្ពុជា-ហ្វីលីពីន ផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ លោកស្រី ម៉ារៀ អ៊ែមើលីតា ស៊ី អាគីណូ និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ លោកជំទាវ ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន។ ពាក់ព័ន្ធទៅនឹងពាណិជ្ជកម្ម សម្ដេចធិបតី បានជំរុញនិងលើកទឹកចិត្តឲ្យមានការភ្ជាប់ទំនាក់ទំនងបន្ថែមទៀតរវាងវិស័យឯកជននិងធុរជន នៃប្រទេសទាំងពីរ។

ដោយឡែក វិស័យទេសចរណ៍ សម្ដេចធិបតីសង្ឃឹមថា តាមរយៈជំនួបរបស់សម្ដេចជាមួយ លោកប្រធានាធិបតីហ្វីលីពីន នាពេលកន្លងមក ការតភ្ជាប់លើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេស គឺការពង្រីកជើងហោះហើរផ្ទាល់ ពីគោលដៅទេសចរណ៍ផ្សេងៗ នៅក្នុងប្រទេសហ្វីលីពីនមកកាន់ ព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។

បន្ថែមពីនេះ សម្តេចធិបតីសង្ឃឹមថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសរវាងកងទ័ពនៃប្រទេសទាំងពីរ នឹងកាន់តែត្រូវបានបន្តពង្រឹង និងពង្រីកបន្ថែម តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ និងការបណ្ដុះបណ្ដាលធនធានមនុស្ស៕

To Top