ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម និង ជាប្រធានអាជ្ញាធរទន្លេសាប អមដំណើរដោយ ថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរទន្លេសាប មន្ត្រីបច្ចកទេសក្រសួង និងមន្ទីរ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យនិងស្វែង យល់ពីស្ថានភាពទូទៅ និងការរស់នៅ របស់បងប្អូន ប្រជាពលរដ្ឋ នៃសហគមន៍នេសាទ ភូមិបណ្តែតទឹក ក្នុងតំបន់បឹងទន្លេសាប ស្ថិតនៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

សូមជម្រាបថា ដំណើរចុះបេសកកម្មរបស់ លោករដ្ឋមន្រ្តី ប្រធានអាជ្ញាធរទន្លេសាប នាពេលនេះគឺក្នុងគោលបំណង ដើម្បីពិនិត្យ និងស្វែងយល់ពី ទី១)ស្ថានភាពតំបន់ ដែនព្រៃលិចទឹក និងព្រៃលិចទឹក ក្នុងតំបន់៣ ដែលនឹងត្រូវបោះបង្គោល ព្រំការពារថែរក្សា ទី២)ការគ្រប់គ្រងធនធានទឹក សម្រាប់ការបង្កបង្កើនផលលើផ្ទៃដី កសិកម្មក្នុងតំបន់អាស្រ័យផល ក្នុងតំបន់២ ទី៣)ការគ្រប់គ្រង របស់អាជ្ញាធរដែនដី មានសមត្ថកិច្ច និងសហគមន៍ ក្នុងកិច្ចការពារធនធានធម្មជាតិ ទី៤) ស្ថានភាពទឹកបឹងទន្លេសាប និងទី៥) ការទ្រទ្រង់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅតាមសហគមន៍ សម្រាប់ធ្វើជាធាតុចូល ដ៏សំខាន់ ក្នុងការផ្តួចផ្តើមគំនិត ពីការគិតគូរ ដោយយកចិត្តទុកដាក់ ចំពោះបញ្ហាគ្រប់គ្រង ធនធានទឹក និងធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាពខ្ពស់ នៅក្នុងតំបន់ទន្លេសាប និងឈានទៅរៀបចំកសាង នូវគោលនយោបាយ មួយច្បាស់លាស់ និងផែនការយុទ្ធសាស្រ្តរយៈពេលវែង ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ទន្លេសាប ប្រកបដោយចីរភាព ដើម្បីចូលរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបាវចនាទាំង៥ ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរទន្លេសាប ក៏បានជួបសំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសហគមន៍នេសាទ ដែលកំពុងរស់នៅ ប្រកបរបរចិញ្ចឹមជីវិតអាស្រ័យនឹងធនធានធម្មជាតិរបស់បឹងទន្លេសាប ស្ថិតក្នុងតំបន់នោះផងដែរ ។ លោករដ្ឋមន្រ្តី បានបង្ហាញ នូវការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការប្រែប្រួលរបបទឹក នៅក្នុងរដូវប្រាំងធៀបនឹងរដូវវស្សា ការរេចរិលនៃធនធនធម្មជាតិ គុណភាពទឹក សេវាកម្មទេសចរ និងការរស់នៅ របស់ប្រជាពលរដ្ឋសហគមន៍ក្នុង ការប្រើប្រាស់ទឹកប្រចាំថ្ងៃ ការវេចខ្ចប់កាកសំណល់រឹងរាវ ការធ្វើអនាម័យ និងការបញ្ចេញទឹកកខ្វក់ពី អាជីវកម្មខ្នាតតូចនៅលើទឹកបឹង ដែលពាក់ព័ន្ធជាមួយនឹងសុខមាលភាពរបស់បឹងទាំងមូល ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ប្រធានអាជ្ញាធរទន្លេសាប ក៏បានលើកឡើង ពីសារសំខាន់របស់បឹងទន្លេសាប ដែលជាសម្បត្តិធនធានធម្មជាតិ មិនអាចកាត់ថ្លៃបាន និងបានបញ្ជាក់ពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការការពារថែរក្សា និងគ្រប់គ្រងតំបន់ទន្លេសាបប្រកបដោយចីរភាព ព្រមទាំងបានណែនាំដល់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ត្រូវរួមសហការគ្នាជាមួយក្រសួង ស្ថាប័នជំនាញ ក្នុងការចូលរួមលើកកម្ពស់ប្រសិទ្ធភាព នៃការការពារ ការអភិរក្ស និងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានរបស់បឹងទន្លេសាប ឱ្យមាននិរន្តរភាព ។
គួរបញ្ជាក់ថា បឹងទន្លេសាប គឺជាបឹងទឹកសាបមួយ ដែលធំជាងគេ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ និងជាប្រព័ន្ធអេកូឡូស៊ីធម្មជាតិ មានតម្លៃមិនអាចកាត់ថ្លៃ បានទាំងផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន ដែលកំណត់ពីអត្តសញ្ញាណជាតិ និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់សន្តិសុខស្បៀង និងផ្គត់ផ្គង់ជីវភាពរស់នៅ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ។ ការទាញយកផលប្រយោជន៍ ពីធនធានធម្មជាតិបឹងទន្លេសាបហួសកម្រិត រួមជាមួយការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យបឹងទន្លេសាប ទទួលរងនូវការគំរាមកំហែង គួរឱ្យព្រួយបារម្ភ ដែលនឹងអាចធ្វើឱ្យបាត់នូវលំនឹង ប្រព័ន្ធអេកូឡូស៊ី ៕





















