ព័ត៌មានជាតិ

ជនជាតិវៀតណាម​ មួយចំនួនព្យាយាម ចាក់ទឹកត្រី លើដំបៅចាស់!

កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានសម្តែង នូវការភ្ញាក់ផ្អើលជាខ្លាំង ពេលបើកមើលមតិយោបល់ លើវីដេអូ ដែលសម្តេចបានបង្ហោះ ក្នុងបណ្ដាញសង្គម Tik Tok ដែលត្រូវបានជនជាតិវៀតណាម រាប់សិបនាក់ចូលមកជេរ ។ ការជេរប្រមាថ សម្តេចតេជោ តាម Tik tok ដោយជនជាតិវៀតណាមមួយចំនួននេះ ធ្វើឡើងក្រោយពេលដែលសម្តេច បាននិយាយរឿងព្រែកជីកហ្វូណន តេជោ។

សម្តេចតេជោបានសម្តែងចម្ងល់ថា តើជនជាតិវៀតណាម ទាំងនោះជាអ្នកណា? វៀតណាមនៅក្នុង ប្រទេសវៀតណាម ឬវៀតណាមនៅក្រៅប្រទេស ដែលមានខ្លះប្រឆាំង រដ្ឋាភិបាលវៀតណាម ឬអាណិកជនវៀតណាមនៅកម្ពុជា ឬក៏បងប្អូនខ្មែរក្រោម ដែលមានគណនី Tik Tok និងចេះវាយអក្សរវៀតណាមផង និងចេះអានអក្សរខ្មែរផង ។

ជាមួយនឹងការសង្ស័យ និងភាពមិនច្បាស់លាស់បែបនេះ សម្តេច បានស្នើឱ្យសមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវសមាសភាព នៃជនដែលចូលទៅ ជេរប្រមាថសម្តេចជាអ្នកណា។

ឥរិយាបថរបស់ជនជាតិវៀតណាម ដែលចូលមកជេរប្រមាថសម្តេចតេជោ ហ៊ុន សែន ដែលជាមេដឹកនាំដ៏ គួរឱ្យគោរពបំផុតរបស់កម្ពុជា គឺជាឥរិយាបថមួយមិនអាចទទួលយកបាន, ច្រឡោងខាម, ខ្វះការគោរពចំពោះទំនាក់ទំនងជាប្រពៃណីក្នុងភាព ជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ, មិនគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីនៃប្រទេសកម្ពុជា, ខ្វះចំណេះដឹងប្រវត្តិសាស្ត្រអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ក្នុងប្រវត្តិសាស្ត្រ កម្ពុជា បានបាត់បង់ទឹកដី ច្រើនណាស់ទៅប្រទេសវៀតណាម ។ ដែនដីកម្ពុជាក្រោមរាប់សិបខេត្ត រួមទាំងក្រុងព្រៃនគរផង ដែលមានពលរដ្ឋ ជាដើមកំណើតខ្មែរ រាប់លាននាក់រស់នៅទីនោះ, និងកោះត្រល់ដែលជាកោះគជ់ដ៏ឆើតឆាយ ដែលមានចម្ងាយតែជាង១០គីឡូពីក្រុងកែប ក៏ ត្រូវបានគ្រប់គ្រង ដោយប្រទេសវៀតណាមដែរ។

កម្ពុជាក្រោមក្តី កោះត្រល់ក្តី ទោះបីបាត់បង់ក្នុងសម័យកាលណាក៏ដោយ ក៏ប្រជាជនកម្ពុជាជំនាន់នេះ និងជំនាន់ក្រោយៗទៀត នៅតែមានការឈឺចាប់ និងស្តាយស្រណោះដែរ គឺប្រៀបដូចជាការបាត់បង់អវយវៈចេញពីរាងកាយដូច្នោះដែរ។

ដូច្នេះ ជនជាតិវៀតណាម ទាំងនោះមិនគួរយកគម្រោងព្រែកជីកហ្វូណនតេជោរបស់ខ្មែរ ដែលនឹងត្រូវសាងសង់នៅលើទឹកដីខ្មែរ មកបង្កឱ្យមានការឈឺចាប់ ដល់ប្រជាជនខ្មែរនោះទេ ។ ជនជាតិវៀតណាមទាំងនោះ គួរតែគិតដល់តម្លៃនៃទំនាក់ទំនង និងមិត្តភាពក្នុងភាពជាអ្នកជិតខាងល្អ មិនគួរចាក់ទឹកត្រីទៅលើ ស្នាមរបួសចាស់ ដែលនាំឱ្យមានការឈឺចាប់កាន់តែខ្លាំងនោះទេ។

តែយ៉ាងណា សង្ឃឹមថា ការជេរប្រមាថ របស់ជនជាតិវៀតណាមទាំងនោះ នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមនោះទេ បើនេះមិនមែនជាការរៀបចំ ឬជាយុទ្ធសាស្ត្រ របស់រដ្ឋាភិបាលវៀតណាម ។ យើងនៅតែចងចាំនូវពាក្យស្លោក កាលពីសម័យសង្គ្រាមត្រជាត់ ដែលវៀតណាមតែងតែប្រើប្រាស់ដើម្បីលើកតម្កើងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិរវាងកម្ពុជានិងវៀតណាមថា «ទោះបីភ្នំទ្រឿងសឺងរេចរិល ក៏មិត្តភាពកម្ពុជា-វៀតណាម នៅតែស្ថិតស្ថេររឹងមាំដែរ»។

ដូច្នេះ ប្រទេសទាំងពីរត្រូវចេះរួមរស់ជាមួយគ្នា ដោយសុខសន្តិភាព ការគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីរបស់គ្នា និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ផងគ្នាទៅវិញទៅមក ឱ្យសក្តិសមនឹងពាក្យស្លោក នៃទំនាក់ទំនងដែលប្រទេសទាំងពីរ បានអនុម័តគឺ «ភាពជាអ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែង» ។ ប្រទេសទាំងពីរត្រូវត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវគោលការណ៍បញ្ចសិលា សន្តិសហវិជ្ជមាន ក្នុងទំនាក់ទំនងរបស់ខ្លួន និងត្រូវទទួលស្គាល់សច្ចភាពប្រវត្តិសាស្ត្រ ។ ប្រទេសទាំងពីរមិនត្រូវបណ្ដោយខ្លួន ឱ្យធ្លាក់ក្នុងអន្ទាក់ភូមិសាស្ត្រនយោបាយនោះទេ ៕

២០ ឧសភា ២០២៤
(បណ្ឌិត គិន ភា)

To Top