ពោធិ៍សាត់: អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា បានណែនាំអោយមន្ត្រី នៃ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និង សុរិយោដីខេត្ត និង ការិយាល័យភូមិបាល និង សុរិយោដីក្រុង ស្រុកទាំងអស់ និង អង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្ត សាខាពន្ធដារខេត្ត និង អង្គភាពពាក់ព័ន្ធនានាត្រូវយកចិត្តទុកដាក់ និង ពន្លឿន លើការចុះបញ្ជីដីធ្លី ការលក់ ការទិញ និង ការផ្ទេរមរតកដីធ្លី ជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស ប្រកបដោយតម្លាភាព ដោយកន្លងមកមានភាពយឺតយ៉ាវ ។

លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានធ្វើការណែនាំបែបនេះ គឺនៅក្នុងកិច្ចប្រជុំពង្រឹងប្រសិទ្ធភាព ការអនុវត្តនៃការផ្តល់សេវាសាធារណះ ជូនប្រជាពលរដ្ឋរបស់អង្គភាព ច្រកចេញចូលតែមួយ នៃរដ្ឋបាល ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២៤ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរនានា ក្នុងខេត្ត លោកអភិបាលក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ ស្មៀនឃុំ/សង្កាត់ និង មន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។

លោកអភិបាលខេត្តក៍បានស្នើរ អោយមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវត្រួតពិនិត្យឡើងវិញ ចំពោះកិច្ចការងាររបស់ខ្លួន និង ធ្វើការកែតម្រូវអោយបានទាន់ ពេលវេលាចំពោះការយឺតយ៉ាវ លើការងារផ្តល់សេវា សាធារណះ លើឯកសារនានា ជាពិសេសឯកសារដីធ្លី ជូនប្រជាពលរដ្ឋនាពេលកន្លង មកដែលបង្កអោយពលរដ្ឋ មានការថ្នាំងថ្នាក់នោះ ៕

