ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ៖ ព្រែកជីកហ្វូណនតេជោ ជាគម្រោងមានលក្ខណៈចលនាជាតិមួយទាំងមូល

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដែលមានលក្ខណៈចលនាជាតិមួយទាំងមូលដែលបង្ហាញពីមោទកភាពជាតិទៅកាន់ពិភពលោក ។

ក្នុងឱកាសអញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ” នាថ្ងៃទី៥ សីហានេះ សម្ដេចធិបតី មានប្រសាសន៍ថា ទម្រាំកម្ពុជាអាចរំដោះខ្លួន ចេញពីរណ្ដៅមច្ចុរាជ នៅថ្ងៃទី៧ មករា ១៩៧៩ ហើយបន្តមកទៀតទម្រាំ អាចចុះកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ និងទម្រាំស្វែងរកបានសន្តិភាពពេញលេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ ដោយលាយឡំជាមួយឈាម និងទឹកភ្នែករាប់មិន អស់របស់ពលរដ្ឋ ដែលបានស្រក់នៅលើទឹកដីដ៏កំសត់មួយនេះ គ្រប់គ្នាត្រូវចងចាំពីមេរៀន នៃប្រវត្តិសាស្រ្តថា កាលណាខ្មែរបាត់បង់សាមគ្គីភាព និងការឯកភាពជាតិ ហើយខ្វះស្មារតីជាតិនិយម មិនតម្កល់ឧត្ដមប្រយោជន៍ជាតិជាធំនោះ ខ្មែរតែងតែរងគ្រោះនិងអន្តរាយ ។

ប៉ុន្តែសម្តេចអះអាងថា ផ្ទុយទៅវិញកាលណាខ្មែរ មានសាមគ្គីភាព ជាធ្លុងមួយ និងការឯកភាពជាតិប្រកប ដោយស្មារតីជាតិនិយម និងធ្វើអ្វីៗដើម្បីប្រយោជន៍ជាតិ ខ្មែរតែងតែរឹងមាំ រីកចម្រើនរុងរឿងថ្កើងថ្កានជានិច្ច។

សម្ដេចសង្កត់ធ្ងន់ថា «ក្នុងន័យនេះគម្រោងព្រែកជីកហ្វូនណនតេជោ មិនត្រឹមតែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយប៉ុណ្ណោះទេ ទោះបីជាតម្លៃ ១៧០០លាន ឬ២០០០លាន ឬ១០ពាន់លាន ឬមួយក៏ត្រឹមតែប៉ុន្មានលាន ទំហំថវិកាជាសូចនាករមួយគត់ ប៉ុន្តែហេតុអ្វីបានជាគម្រោងព្រែកជីកមួយនេះ ខុសពីគម្រោងយើងធ្វើពីមុន ដែលអាចធំជាងនេះ ដូចជាគម្រោងផ្លូវហាយវេ គម្រោងព្រលានយន្តហោះ គឺមានតម្លៃរាប់ពាន់លានដុល្លារដូចគ្នា ប៉ុន្តែអ្វីដែលខុសគ្នា គឺចំពោះគម្រោងព្រែកជីកមួយនេះ គឺចលនាជាតិមួយទាំងមូលនៅក្រោយគម្រោងមួយនេះ ដែលនេះសម្ដែងឲ្យឃើញពីមោទកភាព» ។

សម្ដេចធិបតីបន្ថែមថា មិនត្រឹមតែជាគម្រោង ហេដ្ឋារចនាសម្ព័ន្ធមួយទេ ប៉ុន្តែជាគម្រោងដែលមានលក្ខណៈជាតិ និយមខ្ពស់បំផុត នៅក្នុងរជ្ជកាលនេះ នៅក្នុងសម័យកាលក្រោយរំដោះថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ។

សូមបញ្ជាក់ថា គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព ៕

To Top