ភ្នំពេញ ៖ លោក Jang Yon Gon ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ ប្រចាំកម្ពុជា(កូរ៉េខាងជើង) បានកោតសរសើរ ចំពោះការរីកចម្រើន យ៉ាងឆាប់រហ័ស និងសមិទ្ធផលជាច្រើនរបស់កម្ពុជា រួមទាំងការរក្សាបានសុខសន្ដិភាព និងស្ថិរភាព ក្រោមការដឹកនាំរបស់សម្ដេចធិបតី ។

ការថ្លែងកោតសរសើរនេះ ក្នុងឱកាសចូលជួបសម្ដែងការគួរសម ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាថ្ងៃ២០ សីហា។

ក្នុងជំនួបនេះ លោក Jang Yun Gon បានរំឮកពីទំនាក់ទំនងដ៏យូរអង្វែង រវាងសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ និងកម្ពុជា ដែលបានពូនជ្រុំ ដោយលោក គីម អ៊ីលស៊ុង និង សម្ដេចព្រះបរមរតកោដ្ឋ សម្តេចព្រះនរោត្ដម សីហនុ។ ដោយឆ្នាំនេះ គឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ លោកឯកអគ្គរដ្ឋទូត បានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរបន្ថែមទៀត។

លោកកអគ្គរដ្ឋទូត ក៏បានកោតសរសើរ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងសមិទ្ធផលជាច្រើន របស់កម្ពុជា រួមទាំងការរក្សាបាននូវសុខសន្ដិភាព និងស្ថិរភាព ក្រោមការដឹកនាំរបស់សម្ដេចធិបតី។

ជាការឆ្លើយតប សម្ដេចធិបតី បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់លោកឯកអគ្គរដ្ឋទូត ក្នុងការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ព្រមទាំងបានលើកទឹកចិត្ត លោកឯកអគ្គរដ្ឋទូត ឲ្យបន្តធ្វើការងារជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ជាពិសេស ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ៕


