ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នេះបានលើកឡើងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានពង្រីកវិសាលភាព ផ្នែកថែទាំសុខភាព ជាមួយមូលដ្ឋានសុខាភិបាល ដែលជាដៃគូរបស់ខ្លួនបានចំនួន ១៥៧៣ នៅទូទាំង២៥ រាជធានី-ខេត្ត សម្រាប់រង់ចាំបម្រើសេវាថែទាំសុខភាព និងព្យាបាលដល់សមាជិក ប.ស.ស.។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា មូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់ ប.ស.ស. ទាំងនេះបានដាក់ពង្រាយមន្រ្តី និងបុគ្គលិកសុខាភិបាល សរុបចំនួនជាង ៤៦ ០០០នាក់នៅទូទាំងប្រទេស ដើម្បីរង់ចាំបម្រើសេវាកម្ម ជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ និងរហ័ស។

លោករដ្ឋលេខាធិការ បន្ថែមថា គិតត្រឹមខែសីហា ឆ្នាំ២០២៤ ប.ស.ស. ទទួលបានសមាជិករហូតទៅដល់ជាង ២ លាននាក់ ក្នុងនោះមាន ប្រជាពលរដ្ឋ ដែលជាសមាជិក បានប្រើប្រាស់សេវា ប.ស.ស. នៅតាមមន្ទីរពេទ្យដៃគូបានជាង ៧,១លានករណី គិតត្រឹមរយៈពេលមួយឆ្នាំ ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ ។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក៏បានពង្រីកស្នាក់ការកណ្តាល និងសាខារបស់ខ្លួនបានចំនួន ៣៦ទីតាំងហើយនៅទូទាំងប្រទេសសម្រាប់ប្រតិបត្តិការងារ និងបម្រើសេវាកម្មផ្តល់ជូនដល់សាធារណជនផងដែរ ។ ការពង្រីកវិសាលភាពរបស់ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ជាគោលនយោបាយពង្រីកវិសាលភាព សេវា ប.ស.ស. ទៅកាន់តែជិតមូលដ្ឋានប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ វឌ្ឍនភាពនៃកិច្ចការងារទាំងនេះ បង្ហាញអំពីការជឿទុកចិត្ត របស់ពលរដ្ឋមកលើសេវាកម្ម ប.ស.ស. ជាពិសេសបង្ហាញ ពីការជឿទុកចិត្ត ចំពោះរាជរដ្ឋាភិបាល ដែលគិតគូរយកចិត្តទុកដាក់លើសុខមាលភាព របស់បងប្អូនប្រជាពលរដ្ឋ និងកាត់បន្ថយ ចំណាយលើថ្លៃ សេវាថែទាំសុខភាព របស់បងប្អូនប្រជាពលរដ្ឋ ។

ទន្ទឹមនេះ លោករដ្ឋលេខាធិការ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សាធារណជនទាំងអស់ សូមធ្វើការចុះឈ្មោះជាសមាជិករបស់ ប.ស.ស. ឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានសេវាថែទាំសុខភាព ដោយឥតគិតថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងមូលដ្ឋានសុខាភិបាល ឯកជនដែលជាដៃគូរបស់ ប.ស.ស.។
សម្រាប់សាធារណជនមានចម្ងល់ ឬចង់សាកសួរព័ត៌មាន អំពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សូមទាក់ទងតាមរយៈបណ្តាញទូរសព្ទ Hotline ឥតគិតថ្លៃ ១២៨៦ និង១២៩៧ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៕


