ភ្នំពេញ ៖ លោក Kim Han-Gil ប្រធានគណៈកម្មាធិការរួបរួមជាតិ នៃការិយាល័យប្រធានាធិបតី សាធារណរដ្ឋកូរ៉េ បានសម្ដែងការកោតសរសើរ ការអភិវឌ្ឍដ៏ឆាប់រហ័ស លើគ្រប់វិស័យរបស់កម្ពុជា ។ ការសរសេីរនេះធ្វេីឡេីងក្នុងឱកាសលោកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប លោក Kim Han-Gil បានសម្ដែងការកោតសរសើរ ការអភិវឌ្ឍដ៏ឆាប់រហ័ស លើគ្រប់វិស័យរបស់កម្ពុជា និងបានបង្ហាញ នូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចបវរធិបតី កម្ពុជា នឹងកាន់តែអភិវឌ្ឍរីកចម្រើនខ្លាំងក្លាថែមទៀត។ ជាមួយគ្នានោះលោក Kim Han-Gil បានសម្ដែងនូវការរីករាយ ចំពោះទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែក របស់ពលករកម្ពុជានៅកូរ៉េ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងបានលើកឡើងថា រដ្ឋាភិបាលកូរ៉េ ចាត់ទុកថាពលករបរទេស រួមទាំងពលករកម្ពុជានៅកូរ៉េ គឺជាដៃគូសំខាន់ក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េ។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការពេញចិត្ត ចំពោះការរីកចម្រើននៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលបានដំឡើងកម្រិតទំនាក់ទំនងដល់ “ភាពជាដៃគូយុទ្ធសាស្ត្រ” កាលពីខែឧសភា ឆ្នាំ២០២៤ ដែលការណ៍នេះ កាន់តែជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េឱ្យកាន់តែរឹងមាំថែមទៀត។
សម្ដេចបវរធិបតី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េដែលតែងតែបានជួយ ដល់ការកសាង និងអភិវឌ្ឍកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដាក់ទុនវិនិយោគ លើវិស័យអចលនទ្រព្យ ធនាគារ កសិកម្ម កម្មន្តសាល និង ឧស្សាហកម្ម ជាដើម។ សម្ដេចបវរធិបតីវាយតម្លៃខ្ពស់ ចំពោះរដ្ឋាភិបាលកូរ៉េ ដែលបានផ្តល់ការគាំពារ ដល់ពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសកូរ៉េ។
ជាមួយគ្នានេះ សម្តេចបវរធិបតី ក៏បានលើកទឹកចិត្តឱ្យលោក Kim Han-Gil បន្តកិច្ចសហការដ៏ល្អ និងសកម្ម ជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីសម្រេចបាននូវសមិទ្ធផលជាប្រយោជន៍ ដល់ប្រទេសទាំងពីរផងដែរ៕