ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូកក្របខណ្ឌរាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១៣:០០នាទីរសៀលតទៅ នៅតាមដងទន្លេសាប មុខវត្តឧណ្ណាលោម ដើម្បីជ្រើសរើសទូកល្បឿនលឿន និងមធ្យមចូលរួមប្រណាំងទូកក្នុងព្រះរាជពិធីបុណ្យ ។
យោងតាមសេចក្តីជូនដំណឹង ស្តីពី ពិធីប្រណាំងទូកក្របខណ្ឌរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ដោយមានការរៀបចំបណ្តែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រី សម្តែងសិល្បៈ និងកម្មវិធីកម្សាន្ត សប្បាយផ្សេងៗជាច្រើនទៀត។
ដូចនេះ ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យខាងលើ ឱ្យបានអធិកអធម រក្សាបាននូវទំនៀមទម្លាប់ប្រពៃណី ជាតិ និងបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋ បានចូលរួមទស្សនាកម្សាន្តសប្បាយ ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃ “សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ” រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីប្រណាំងទូកក្របខណ្ឌរាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១៣:០០នាទីរសៀលតទៅ នៅតាមដងទន្លេសាប មុខវត្តឧណ្ណាលោម ដើម្បីជ្រើសរើសទូកល្បឿនលឿន និងមធ្យម ចូលរួមប្រណាំងទូកក្នុងព្រះរាជពិធីបុណ្យ ។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញមកចូលរួមទស្សនាកម្សាន្តសប្បាយ ក្នុងពិធីប្រណាំងទូកនេះ និងចូលរួមលើកទឹកចិត្ត ដល់កីឡាករ-កីឡាការិនីទូកអុំ-ទូកចែវ រាជធានីភ្នំពេញទាំងអស់ ឱ្យបានច្រើនកុះករផងដែរ៕