ព័ត៌មានជាតិ

ក្រសួងការងារប្រកាសដាក់ឱ្យអនុវត្ត «គម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ» ឆ្នាំ២០២៤-២០២៩

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត «គម្រោងជំនាញដើម្បីការងារកាន់តែប្រសើរ» (Skills for Better Jobs Projects) នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីលោកស្រី Tania Meyer ប្រធានគ្រប់គ្រងប្រចាំប្រទេសនៃធនាគារពិភពលោកប្រចាំកម្ពុជា រួមនិងថ្នាក់ដឹកនាំតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ដឹកនាំតំណាងក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

លោក ហេង សួរ បានថ្លែងថាគម្រោងដែលត្រូវអនុវត្តពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៩នេះ គឺជាគម្រោងអភិវឌ្ឍន៍ជំនាញទី១ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលការគាំទ្រឥណទានសម្បទាន និងហិរញ្ញប្បទាន ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) នៃធនាគារពិភពលោក។ គម្រោងនេះ មានគោលបំណងពង្រឹងគុណភាពជំនាញ និងឆ្លើយតបនឹងកម្លាំងពលកម្មកំពុងបំពេញការងារ និងកម្លាំងពលកម្មថ្មី ដែលទើបចូលមកដល់ទីផ្សារការងារ តាមរយៈការបង្កើនគុណភាពជំនាញ និងការផ្តល់ព័ត៌មាន ក៏ដូចជាការតម្រង់ទិសវិជ្ជាជីវៈដើម្បីការងារកាន់តែប្រសើរ។

លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា ផ្អែកតាមបម្រែបម្រួលនិន្នាការ និងសុទិដ្ឋិនិយមនៃការរីកចម្រើននៃឧស្សាហូបនីយកម្មសកល «គម្រោងជំនាញការងារកាន់តែប្រសើរ» នេះ គឺត្រូវបានរៀបចំឡើង និងអនុវត្តស្របគ្នាជាមួយនឹង «ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក» និង «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ឆ្នាំ២០២៤-២០៣០» ដែលរាជរដ្ឋាភិបាលទើបបានដាក់ចេញនាពេលថ្មីៗនេះ។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលបានគាំទ្របេសកកម្មអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ជាពិសេសសម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះតែម្តង។
លោករដ្ឋមន្ត្រី សង្ឃឹមថាធនាគារពិភពលោក នឹងបន្តជួយជំរុញការផ្លាស់ប្តូរមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបន្តរក្សាកំណើនសេដ្ឋកិច្ច និងសម្រេចទិសដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០៕

To Top