ព័ត៌មានជាតិ

សម្តេចធិបតី៖ មាន Youtuber និង Tiktoker បរទេស ចង់បានល្បី មកកម្ពុជា ធ្វើជាខ្លួនត្រូវបានចាប់ជំរិត នាំឱ្យអ្នកទស្សនាច្រឡំថា កម្ពុជាអាក្រក់

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មានក្រុម Youtuber និង Tiktoker ចង់បានល្បីខ្លួនឯង ហោះមកកម្ពុជា បន្លំធ្វើជាខ្លួនត្រូវបានចាប់ជំរិត នាំឱ្យគេយល់ថានៅកម្ពុជា មានការចាប់ជំរិត និងការជួញដូរមនុស្ស ខូចដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជា តែករណីនេះ អាជ្ញាធរបានចាត់វិធានការបានភ្លាមៗ ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ប្រារព្ធទិវាជាតិប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២៤ លើកទី១៨ ក្រោមប្រធានបទ “កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់មធ្យោបាយក្នុងយុគសម័យឌីជីថល” នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅសាលមហោស្របកោះពេជ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “អ្នក Youtuber និង Tiktoker ចង់បានល្បីខ្លួនឯង មកកម្ពុជា ធ្វើជាបន្លំថាគេចាប់ជំរិតគាត់ គេធ្វើបាបគាត់ ថានៅកម្ពុជា មានការចាប់ជំរិត ជួញដូរមនុស្ស ។ល។ គាត់ទៅទិញខោអាវនៅទឹកថ្លា ធ្វើទាហានឱ្យគ្នាគាត់តែ២នាក់នឹង គាត់ធ្វើដើម្បីបាន Views (អ្នកទស្សនា) រាប់លាននាក់ ទីបំផុត Fan របស់គាត់ដែលមើលនោះ ច្រឡំថាកម្ពុជានេះ អាក្រក់ណាស់ ចុះមកមិនទាន់បានចាប់ទៅហើយ ទីបំផុតគាត់អត់ទេ គាត់ទៅទិញខោអាវ ដល់គេសួរទៅ ឯកឧត្តម គួច ចំរើន ហៅសួរធ្វើមិច គាត់ចង់បានឱ្យ View គាត់ល្បី ដើម្បីគាត់ទៅលក់ផលិតផលរបស់គាត់ តែគាត់យកកម្ពុជា ធ្វើជាអាជីវកម្មរបស់គាត់ តាមការបំផ្លាញ” ។

ក្នុងពេលនោះសម្តេចធិបតី ក៏បានបង្ហើប អំពីការព្រមានទៅកាន់អ្នកដែលបានអន្តរាគមន៍ មកលើបុគ្គលជា Youtuber ក៏ដូចជា Tiktoker មកពីកោះតៃវ៉ាន់ខាងលើ ក្រោមលេសថា ម្តាយឈឺដេកលើកន្ទេល ។

សម្តេចធិបតី ក៏បានតបទៅវិញថា “ខ្ញុំប្រាប់ថា អត់ទេ គាត់ឱ្យគេ១លាន់នាក់ រាប់លាន់នាក់មើលគាត់ហើយយល់ខុសពីកម្ពុជា តើយើងឱ្យស្ងាត់ៗកើតទេ? អត់ទេ ចឹងពេលនោះ ដាក់ឱ្យ Maximum ដូចប៉ុន្មានឆ្នាំ ២ឆ្នាំ ឬ៤ឆ្នាំ” ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា “បើសិនយកហេតុផលថាម្តាយឈឺ លែង ខ្ញុំថា គួរដាក់ឱ្យខ្លាំងជាងនឹងទៀត តាមផ្លូវច្បាប់ ព្រោះបើម្តាយឈឺ កូនកត្តញ្ញូ គេមិនដែលដើរមកបំផ្លាញប្រទេសផ្សេង ធ្វើចឹងទេ គឺនៅមើលឪពុកម្តាយដេកកន្ទេល នៅមើលថែទាំ ឯងម្តាយដេកកន្ទេល ចេញមកដើរផែនការរបស់គាត់មកធ្វើកំពង់សោមហើយ ប្រុងមកថតនៅភ្នំពេញ ហើយសៀមរាប ហើយហោះទៅប្រទេសផ្សេងទៀត ធ្វើដូចគ្នា”៕

To Top