ព័ត៌មានជាតិ

ពលករខ្មែរនៅកូរ៉េ ជឿជាក់ លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាជាងធ្វើបាតុកម្ម ប៉ាតណា ប៉ាតណី ប៉ះពាល់ដល់ទំនាក់ទំនងការទូត ជាមួយប្រទេសជិតខាង

ភ្នំពេញ៖ ពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅ សាធារណរដ្ឋកូរ៉េ លើកឡើងថា ខ្លួនជឿជាក់លើ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាកោះគុតដែលស្ថិតក្នុងតំបន់ត្រួតស៊ីគ្នា នៃព្រំដែនសមុទ្ររវាងកម្ពុជា និងថៃ ដោយសន្តិវិធី ជាជាងនាំគ្នាធ្វើបាតុកម្មពោរពេញ ដោយកំហឹងក្រោមរបៀប វារៈនយោបាយបក្សប្រឆាំង ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ទំនាក់ទំនងការទូត និងសន្តិសុខជាតិ។

លោក អ៊ុំ វិរៈ ដែលជាពលករផ្នែកកសិកម្ម ក្នុងតំបន់ស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ បានលើកឡើងថា ខ្លួនមិនចូលរួមបាតុកម្ម ដែលជាការបំផុស បំផុលពីសំណាក់ក្រុមបក្សប្រឆាំង ម្តងហើយម្តងទៀតនោះទេ ព្រោះការធ្វើបាតុកម្មនេះ មិនត្រឹមតែ មិនអាចដោះ ស្រាយបញ្ហាព្រំដែនបានទេ ក៏ប៉ុន្តែធ្វើឱ្យប៉ះពាល់ដល់ ទំនាក់ទំនងរវាងកម្ពុជា ថៃ ដែលជាប្រទេស ភូមិផង របងជាប់គ្នា ជាពិសេសអាចបង្កស្ថានការណ៍កាន់ តែតានតឹងឈានដល់ជម្លោះព្រំដែនទៀតផង។

លោកបញ្ជាក់ថា នឹងមិនចូលរួមបាតុកម្មទេ ដោយលោកជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន និងបូរណភាពទឹកដីជាមួយប្រទេសជិតខាង ។ ក្នុងនាមជាពលករនៅសាធារណរដ្ឋកូរ៉េ ជឿជាក់លើសមត្ថភាព ដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីលើការចរចាបញ្ហាទឹកដី ជាមួយប្រទេសជិតខាង ដោយឈរលើគោលជំហរសន្តិវិធី ។

ដោយឡែក លោក យុន សុវិក្រឹត ពលករផ្នែកឧស្សាហកម្ម ក្នុងតំបន់ស៊ូវ៉ុន នៃសាធារណរដ្ឋកូរ៉េ បានលើកឡើងថា នឹងមិនចូលរួមធ្វើបាតុកម្ម លើរឿងកោះគុតនោះទេ ដោយលោកលើកឡើងថា ខ្លួនជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន និងបូរណភាពទឹកដី ជាមួយប្រទេសជិតខាង ។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋកុំជឿ តាមការទាញភ្ជាប់បញ្ហាកោះគុត ដែលស្ថិតក្នុងតំបន់ត្រួតស៊ីគ្នានៃព្រំដែនសមុទ្ររវាងកម្ពុជា និងថៃមកបញ្ជេះកំហឹងពលរដ្ឋ ក្នុងចេតនាទុច្ចរិតបង្កឱ្យមានជម្លោះ រវាងប្រទេសជិតខាង និងនាំឱ្យខ្មែរបែកបាក់ជាតិជាខ្លាំង ខណៈជាក់ស្តែង ភាគីកម្ពុជា និងថៃកំពុងតែធ្វើការចរចាគ្នានៅឡើយ ។

គួររំឭកថា ក្រុមប្រឆាំងជ្រុលនិយមឧទ្ទាមក្រៅច្បាប់ នៅតែព្យាយាមយកកោះគុតមកធ្វើជាលេស ដើម្បីកៀរគរមនុស្ស មកធ្វើបាតុកម្មនៅសាធារណរដ្ឋកូរ៉េ ប៉ុន្ដែការអំពាវនាវ ការកៀរគរមនុស្ស របស់ពួកគេគ្មានប្រសិទ្ធភាពនោះទេ ក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាល ដែលកើតចេញពីការ បោះឆ្នោតគាំទ្រ ដោយប្រជាពលរដ្ឋកម្ពុជា ដោយសារ ពលរដ្ឋបានដឹងច្បាស់ ពីល្បិចកលខ្មៅងងឹត របស់ក្រុមប្រឆាំង ជ្រុលនិយមឧទ្ទាមក្រៅច្បាប់ ដែលមានគោលបំណង ដើម្បីបម្រើតែផលប្រយោជន៍ ដល់បក្សពួកមួយ ក្រុមតូចរបស់ខ្លួនប៉ុណ្ណោះ៕

To Top