ព័ត៌មានជាតិ

លោក ប៉ែន បូណា៖ ការដឹកនាំរបស់សម្តេចធិបតី នៅអាណត្តិទី៧ បាននិងកំពុងធ្វើឲ្យកម្ពុជា ងើបត្រដែតលើឆាកអន្តរជាតិ

ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលលោកប៉ែន បូណា បានលើកសរសើរពីការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បន្តពីសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៅក្នុងអាណត្តិទី៧នេះ បាននិងកំពុងធ្វើឲ្យកម្ពុជាលេចត្រដែតនៅលើឆាកអន្តរជាតិ ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ក្នុងវេទិកាសារព័ត៌មានលើកទី៦ ស្តីពី “រាជរដ្ឋាភិបាល នីតីកាលទី៧ នៃរដ្ឋសភា ជាក្តីសង្ឃឹមរបស់ពលរដ្ឋខ្មែរ” នាថ្ងៃ២៧ កុម្ភៈថា សម្តេចធិបតី ហ៊ុន ម៉ាណែតដឹកនាំរាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧នេះ មានការដឹងលឺពីគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស ។ លោកថា ក្នុងនោះក៏មានការកោតសរសើរស្ញប់ស្ញែងជាខ្លាំង លើការដឹកនាំរបស់សម្តេចធិបតី ដែលសម្រេចបានលទ្ធផលធំៗ ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ អង្គការសហប្រជាជាតិបានទទួលស្គាល់និងសម្រេចឲ្យកម្ពុជា ចាក់ចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ខាងមុខ។

លោកគូសបញ្ជាក់ថា “នេះហើយជាការទទួលស្គាល់ជាឱឡារឹក របស់អង្គការសហប្រជាជាតិ ចំពោះការរីកចម្រើនលូតលាស់របស់កម្ពុជា ។ ពិតជាគួរឲ្យមោទនភាព ។ សមិទ្ធផលដែលកម្ពុជាសម្រេចបានយ៉ាងធំធេង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ចេញពីគណបក្សប្រជាជនកម្ពុជា ហើយជាពិសេសគឺប៉ុន្មានទសវត្សចុងក្រោយនេះ ដែលកម្ពុជាយើងងើបត្រដែតឡើង បន្ទាប់ពីយើងមានសុខសន្តិភាពពេញលេញ នៅលើឆាកអន្តរជាតិ ក៏ដូចជាឆាកតំបន់ គឺជាមោទនភាពរបស់ប្រជាពលរដ្ឋខ្មែរ” ។

លោកប៉ែន បូណា អះអាងទៀតថា លទ្ធផលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិនេះ គឺបានមកពីការដឹកនាំដ៏ត្រឹមត្រូវ និងច្បាស់លាស់ប្រកដោយភាព ប៉ិនប្រសប់របស់សម្តេចតេជោ បន្តមកដល់សម្តេចធិបតីដែលបាន ធ្វើឲ្យហេដ្ឋារចនាសម្ព័ននានា រីកចម្រើនដូចផ្សិតនៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស ហើយចំពោះផ្នែកសេដ្ឋកិច្ចវិញបានរីកឡើងក្នុងរង្វង់ ៧% ក្នុងរយៈពេលប៉ុន្មានឆ្នាំជាប់ៗគ្នាមកនេះ ៕

To Top