ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ កងពលតូចដឹកជញ្ជូនលេខ៩៩ បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ ឧត្តមសេនីយ៍ត្រី សរ ស្រី មេបញ្ជារង និងជាប្រធានក្រុមការងារយេនឌ័រកងពលតូចដឹកជញ្ជូនលេខលេ៩៩ ព្រមទាំងមានការចូលរួម ពីសំណាក់យោធិននារីចំនួន ៨២នាក់ផងដែរ ។

ក្នុងឱកាសអបអរសាទរទិវានារី ៨មីនា លើកទី១១៤ នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានជូនអាវយឺតមួយ និងថវិកាចំនួន២ម៉ឺនរៀល ក្នុងម្នាក់ៗ ចំពោះយោធិននារីចំនួន៨២នាក់ ។

សូមបញ្ជាក់ថា ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ខួបលើកទី១១៤ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងដើម្បីគូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាន និងអនុវត្តសិទ្ធិ ការលើកកម្ពស់សមភាព និងការពង្រឹងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា ។ ប្រធានបទនេះ ក៏ផ្តោតសំខាន់ផងដែរ លើការលើកកម្ពស់ផលជះជាវិជ្ជមាន និង ទាញយកអត្ថប្រយោជន៍ ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គម ជំរុញកំណើន ការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពសង្គម ជាមួយការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា ជាពិសេសបង្ហាញពីការប្តេជ្ញាចិត្ត និងវិធានការវិជ្ជមាន ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាច ដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប៕



