ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានថ្លែងប្រាប់ប្រតិភូអាមេរិក អំពីសក្តានុពលវិជ្ជមាន នានារបស់កម្ពុជា ដែលជាបច្ច័យសម្រាប់ពិចារណា ក្នុងការមកដាក់ទុនវិនិយោគ។

ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអញ្ជើញ ដឹកនាំជំនួបពិភាក្សាការងារ និង ការផ្គូផ្គងធុរកិច្ចជាមួយ គណៈប្រតិភូធុរជន អញ្ជើញ មកពីរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោក គីម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជា ប្រចាំនៅរដ្ឋកាលីហ្វ័រនីញ៉ា និងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។

ជាកិច្ចចាប់ផ្ដើម លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅកាន់ គណៈប្រតិភូធុរជន អំពីដំណើរអភិវឌ្ឍន៍ របស់ព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់ឥត ឈប់ឈរ ក្រោមកិច្ចដឹកនាំប្រកប ដោយគតិបណ្ឌិតខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល តាំងពីដើមរហូតមកទល់បច្ចុប្បន្ន ពិសេស ជាមួយនឹងគោលនយោបាយ ក្នុងការបង្កើនពិពិធកម្មសេដ្ឋកិច្ច សំដៅសម្រេចឱ្យបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។
ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសាវតា នៃការបង្កើត ក.អ.ក. ក៏ដូចជាបេសកកម្ម និងចក្ខុវិស័យ ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយ របស់រាជរដ្ឋាភិបាល លើការងារ គ្រប់គ្រង ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិង កំពុងបន្តខិតខំជំរុញ ការកែលម្អ ធ្វើឱ្យប្រសើរឡើង នូវបរិយាកាស ធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ ជាក់ស្តែងគឺការដាក់ ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោង វិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិន ក្នុងការដាក់ពាក្យស្នើ សុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលជាបច្ច័យសម្រាប់ពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ ទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ និងជាប្រភពនៃថាមពលកកើតឡើងវិញ, សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង ដែលមានលក្ខណៈរួចរាល់ សម្រាប់បរិវត្តកម្មឌីជីថល និង បើកទូលាយក្នុងការ ទទួលយកការ បណ្តុះបណ្តាលថ្មីៗ, ការគាំទ្រពីសំណាក់ រាជរដ្ឋាភិបាល ដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន តាមរយៈវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគ ដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយ និងវិស័យភស្តុភារកម្ម ដែលបាននិង កំពុងអភិវឌ្ឍ ឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស សំដៅជំរុញឱ្យ សមាហរណកម្ម នៅទូទាំងប្រទេស និងទៅកាន់តំបន់ មានភាពប្រសើរឡើង ។

គណៈប្រតិភូធុរជន បានគោរព ជូននូវការកោតសរសើរ និងសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់ លើការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា។ ទន្ទឹមនឹងនេះ គណៈប្រតិភូធុរជនក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក៏ដូចជា ក.អ.ក.ផ្ទាល់ ក្នុងការសម្របសម្រួល និងថែទាំគាំទ្រដល់វិស័យឯកជន ព្រមទាំងបានបង្ហាញនូវឆន្ទៈ ក្នុងការពិនិត្យលទ្ធភាព ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងរដ្ឋកាលីហ្វ័រញ៉ា និងកម្ពុជា ជាពិសេសលើទំនាក់ទំនង សេដ្ឋកិច្ច និងការវិនិយោគ រវាងតំបន់ទាំងពីរ ៕
