កំពង់ស្ពឺ៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទៅលេងនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ស្ពឺយ៉ាងច្រើនកុះករ ដែលគិតសម្រាប់ថ្ងៃទី១ នៃសង្ក្រាន្តមានភ្ញៀវ សរុបប្រមាណ៣៥ម៉ឺននាក់ ។

លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី១ នៃសង្ក្រាន្តកំពង់ស្ពឺ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលេងកម្សាន្តព្រឹត្តិការណ៍ កំពង់ស្ពឺសង្រាន្ត បានប្រមាណ៣៥០.០០០នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិប្រមាណ១.០០០នាក់ផងដែរ។

លោក រស់ សុខ បានលើកឡើងថា ក្រោមការរៀបចំយ៉ាងសម្បូរបែប នូវទស្សនីយភាពប្លែកៗរបស់ខេត្តកំពង់ស្ពឺ បានទាក់អារម្មណ៍ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិមកលេងកម្សាន្តច្រើនលើសលប់ ខុសពីបណ្តាឆ្នាំកន្លងទៅ។ ទន្ទឹមការរៀបចំខាងលើនេះដែរ នៅតាមបណ្តារមណីយដ្ឋាននានា សន្ទុះភ្ញៀវក៏មានកើនឡើងយ៉ាងច្រើន ពិសេសរមណីយដ្ឋានកសិទេសចរណ៍ម៉ុងឬទ្ធីសែនជ័យ។
ជាមួយនឹងកំណើនភ្ញៀវទេសចរ ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មីនេះ មន្ទីរជំនាញក៏បានធ្វើការណែនាំ ទៅប្រជាសហគមន៍នៅតាមគោលដៅទេសចរណ៍ទាំងអស់ ឱ្យបង្កើនគុណភាពម្ហូបអាហារ អនាម័យ សេវាបម្រើ និងមិនឱ្យមានការឡើងថ្លៃនោះទេ ពិសេសគឺផ្ទះសំណាក់ សណ្ឋាគារ៕
ដោយ:សុខ សុភ័ណ្ឌ រូបថតមជ្ឈមណ្ឌលដើមអំពិល
