ព័ត៌មានជាតិ

សម្តេចធិបតី៖ ការទាក់ម៉ូយ មកវិនិយោគនៅកម្ពុជា មិនស្រួលទេ ប្រសិនបើគ្មានការចូលរួម ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការដើរចេញទៅក្រៅប្រទេស ទាក់ម៉ូយ ជាវិនិយោគិន ឱ្យមកវិនិយោគនៅកម្ពុជា គឺមិនងាយស្រួលឡើយ ប្រសិនបើមិនមានការបង្កលក្ខណៈងាយស្រួល ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។

ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ ខ្សែសង្វាក់ផលិតកម្មថ្មីរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ស្ថិតនៅ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានណែនាំឱ្យស្ថាប័នថ្នាក់ក្រោមជាតិ ត្រូវតែខិតខំបង្កើនលក្ខណៈងាយស្រួល និងដោះស្រាយរាល់បញ្ហា រាប់ទាំងបញ្ហាដីធ្លី ទាំងបញ្ហាវិនិយោគ បញ្ហាអ្វីទាំងអស់ ឱ្យបានល្អ ជូនវិនិយោគិន។

ក្នុងនោះសម្តេចធិបតី បានកត់សម្គាល់ឃើញថា គ្រប់លទ្ធផលដែលកើតឡើងមកដល់ពេលនេះ គឺត្រូវអរគុណទៅដល់ ស្ថាប័ន CDC និងស្ថាប័ន និងក្រសួងស្ថាប័ន្ធពាក់ព័ន្ធ ដែលបានជួយជំរុញលើកិច្ចការងារ បង្កលក្ខណៈងាយស្រួល ជូនដល់វិនិយោគិនទាំងអស់។

សម្តេចធិបតី​ ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “មិនមែនរឿងងាយស្រួលទេ ឯកឧត្តម លោកជំទាវ អស់លោក ទៅទាក់ម៉ូយ មិនងាយស្រួលទេ ទាក់ម៉ូយហើយ ឱ្យគេសម្រេចចិត្តមកដាក់ទុន មិនស្រួលទេ គេដាក់ទុនហើយ គេនៅជាមួយយើងយូរ គេនៅជាមួយយើងយូរហើយ គេពង្រីកទៀត គេទុកចិត្តលើយើងមិនងាយស្រួលទេ ចឹងបានន័យថាមិច បានន័យថា ដើម្បីឱ្យមានការរីកចម្រើនមកដល់ម៉ោងនេះ ទាក់តែមានលទ្ធផលនៃការសហការទាំងអស់គ្នា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ” ។

ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណ និងអំពាវនាវឱ្យគ្រប់ស្ថាប័ន្ធពាក់ព័ន្ធ បន្តចូលរួមខិតខំជួយបង្កលក្ខណៈងាយស្រួល ឱ្យវិនិយោគិននៅក្នុងខេត្ត ក៏ដូចជាវិនិយោគិនក្នុងស្រុក និងក្រៅស្រុកផងដែរ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top