ព័ត៌មានជាតិ

ក្រសួងការងារ លើកទឹកចិត្ត ដល់និស្សិតជ័យលាភី អាហារូបករណ៍ របស់រដ្ឋាភិបាលសាធារណៈរដ្ឋអៀរឡង់ សម្រាប់ឆ្នាំ២០២៥-២០២៦ ទៅបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឱ្យក្លាយជាមូលធនមនុស្ស ប្រកបដោយសក្តានុពល របស់កម្ពុជា ក្នុងយុគសម័យឌីជីថល

ភ្នំពេញ៖ លោកស្រី​ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាង លោក​ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ របស់រដ្ឋាភិបាលសាធារណរដ្ឋអៀរឡង់ (The Ireland Fellowship Programme) សម្រាប់ឆ្នាំ២០២៥-២០២៦ ចូលជួបសំណះសំណាល និងសម្តែងការគួរសម នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី​រដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ជូននិស្សិតជ័យ លាភីអាហារូបករណ៍ របស់រដ្ឋាភិបាលសាធារណរដ្ឋអៀរឡង់ អំពីបេសកកម្មរបស់ក្រសួង តាមរយៈសកម្មភាពចម្បង របស់ក្រសួងក្នុងការអនុវត្តគោលនយោបាយ ពាក់ព័ន្ធនឹង បេឡាជាតិសន្តិសុខសង្គម និងការអប់រំបណ្ដុះបណ្ដាល បច្ចេកទេសនិងវីជ្ជាជីវៈ ដោយស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

ជាមួយគ្នានេះ លោកស្រី​ក៏បានផ្ដាំផ្ញើដល់និស្សិតជ័យលាភីឱ្យយកចិត្តទុកដាក់លើការសិក្សា ឆ្លៀតពេលបង្កើតទំនាក់ទំនងល្អជាមួយមិត្តភក្តិ ស្វែងយល់បន្ថែមពីបណ្ដាប្រទេសផ្សេងៗក្នុងតំបន់អឺរ៉ុបឱ្យបានច្រើន ដើម្បីទទួលបានចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។ បន្ថែមលើនេះផងដែរ លោកស្រី​លើកទឹកចិត្តឱ្យនិស្សិតជ័យលាភី អាហារូបករណ៍ទាំងអស់ បន្តលើកស្ទួយមុខមាត់កម្ពុជាយើង ឱ្យបានកាន់តែល្អលើឆាកអន្តរជាតិ តាមនូវអ្វីដែលអាចធ្វើបាន។

លោកស្រី​បានលើកទឹកចិត្ត ដល់និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ ត្រូវនាំយកនូវចំណេះជំនាញ និងបទពិសោធ ដែលទទួលបានពីការសិក្សា នៅទីនោះត្រឡប់មកបម្រើការងារនៅមាតុប្រទេសវិញ ក្នុងនាមជាមូលធនមនុស្ស ប្រកបដោយថាមពល និងថាមវន្ត ដើម្បីចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

To Top