ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ថ្លែងអំណរគុណចំពោះទឹកចិត្ត អាជីវករផ្សារកួរស្រូវ បានរួមគ្នាបរិច្ចាគបន្លែ ផ្លែឈើ សម្រាប់ជួយផ្គត់ផ្គង់ តម្រូវការរបស់កងទ័ព
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តបងប្អូនអាជីវករផ្សារកួរស្រូវ តាមរយៈលោក ហំ សំណាង ដែលជាប្រធានផ្សារ បានរួមគ្នាបរិច្ចាគបន្លែ ផ្លែឈើសម្រាប់ ជួយផ្គត់ផ្គង់តម្រូវការរបស់កងទ័ព ការចូលរួមចំណែក ដើម្បីជាតិក្នុងគ្រា ដែលកងទ័ពកំពុងប្ដូរជីវិត ប្រយុទ្ធយ៉ាងក្លាហាន នៅសមរភូមិមុខ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីពីការ ឈ្លានពានរបស់សត្រូវ។

ទឹកចិត្តដ៏ស្មោះសរ របស់បងប្អូនអាជូវករ ដែលបានរួមគ្នា បរិច្ចាគបន្លែ ផ្លែឈើ និងគ្រឿងឧបភោគបរិភោគ យ៉ាងច្រើនសន្ធឹក សន្ធាប់ សម្រាប់ផ្គត់ផ្គង់ដល់តម្រូវការរបស់កងទ័ព នេះមិនមែនត្រឹមតែជាការផ្ដល់ចំណីអាហារប៉ុណ្ណោះទេ តែជាការផ្តល់នូវកម្លាំងចិត្ត និងក្តីសង្ឃឹម ដ៏ធំធេងទៅដល់វីរកងទ័ពទាំងអស់ ដែលកំពុងឈរជើងក្នុងសមរភូមិ បានបង្ហាញថា ប្រជាជន និងកងទ័ព គឺតែងតែនៅជាមួយគ្នាជានិច្ច គ្មានការបែងចែក ពួកគេមិនបានកាន់អាវុធប្រយុទ្ធនៅជួរមុខក៏ដោយ ក៏ពួកគេនៅតែជាផ្នែកមួយដ៏សំខាន់ នៃការការពារជាតិ ។

ពីមុខទីបញ្ជាការកងពលខណៈទទួលបន្លែ ផ្លែឈើពីបងប្អូនអាជីវករផ្សារកួរស្រូវ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានមានប្រសាសន៍ថា ទឹកចិត្តរបស់បងប្អូនអាជីវករផ្សារនៅពេលនេះ គឺជាគំរូដ៏ល្អមួយនៃ ស្មារតីសាមគ្គីជាតិ វាមិនមែនជាជំនួយដែលមានតម្លៃត្រឹមតែបន្លែផ្លែឈើប៉ុណ្ណោះទេ ប៉ុន្តែវាជា តម្លៃនៃក្ដីស្រឡាញ់ជាតិ និងការរួបរួមគ្នា ដែលជាកត្តាកំណត់ជ័យជម្នះដ៏ពិតប្រាកដ។

វាបានបញ្ជាក់ជាថ្មីថា នៅពីក្រោយជោគជ័យ និង សុវត្ថិភាពជាតិ គឺកើតចេញពីការចូលរួម ចំណែករបស់ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ជាកម្លាំងចិត្តជួយលើកស្មារតីប្រយុទ្ធរបស់កងទ័ព ហើយតែងតែរំឭកយើងថា កងទ័ពមិនដែលនៅឯកោឡើយ ពីព្រោះកងទ័ពយៀងមានខ្នង បង្អែករឹងមាំ នោះគឺជាប្រជាពលរដ្ឋខ្មែរយៀង។

សូមបងប្អូនជឿជាក់លើការ ដឹកនាំរបស់រាជរដ្ឋាភិបាល សូមបងប្អូនជឿជាក់លើកងទ័ព យើងនឹងខិតខំប្រយុទ្ធរហូតទទួលបានជ័យជម្នះ ដើម្បីសន្តិភាព ដើម្បីសេចក្ដីសុខរបស់ប្រជាជាតិ៕


