ព័ត៌មានជាតិ

អង្គការអន្តរជាតិ ទេសន្តរប្រវេសន៍ ប្តេជ្ញាបន្តពង្រឹង កិច្ចសហប្រតិបត្តិការ លើការជួយផ្តល់កិច្ចគាំពារ ពលករទេសន្តរប្រវេសន៍កម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យលោកស្រី Nellie Ghusayni ប្រធានបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំនៅកម្ពុជា ជួបពិភាក្សាការងារ ដោយជំនួបនេះ ផ្តោតលើការគ្រប់គ្រង និងការផ្តល់ការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជួយគាំពារដល់ពលករទេសន្តរប្រវេសន៍ ជាពិសេសអតីតពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ។

នាឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់អង្គការ IOM ដែលបានផ្តល់ការគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់ លើអតីតពលករ ដែលត្រឡប់មកពីប្រទេសថៃ លើកកម្ពស់ក្នុងការ បណ្តុះបណ្តាលជំនាញ ការទទួលស្គាល់ជំនាញ ក៏ដូចជាកិច្ចអន្តរាគមន៍នានា ដើម្បីគាំពារផ្ដល់អត្ថប្រយោជន៍ និងលើកកម្ពស់ការគោរពសិទ្ធិពលករ ទេសន្តរប្រវេសន៍នៅកម្ពុជា ។ លោករដ្ឋមន្រ្តី ក៏បានលើកពីបញ្ហាប្រឈម ដែលក្រសួងបានខិតខំដោះស្រាយ តាមយន្តការផ្សេងៗ ឱ្យស្របទៅនឹងស្ថានភាពពិត និងសំណូមពរជាក់ស្តែង ខណៈពេលដែលជំនាញខ្លះពលករទទួលបាននៅប្រទេសថៃ មិនស៊ីគ្នាទាំងស្រុងជាមួយតម្រូវការទីផ្សារការងារក្នុងស្រុក ដែលតម្រូវឱ្យមានការបណ្តុះបណ្តាលជំនាញឡើងវិញ និងការទទួលស្គាល់ជំនាញ តាមរយៈការវាយតម្លៃ ផ្អែកលើសមត្ថភាព របស់អតីតពលករ ដែលត្រឡប់មកពីប្រទេសថៃ ។ ទន្ទឹមនឹងនេះ  ក្រសួងក៏នឹងពិចារណា លើលក្ខខណ្ឌការងារសំខាន់ៗ មួយចំនួនក្នុងការបើកឱកាស ទីផ្សារការងារក្រៅប្រទេសថ្មីៗ ជូនពលករបន្ថែមទៀត។

លោក ហេង សួរ បានបញ្ជាក់ជូនភាគីអង្គការ IOM ពីស្ថានភាពជាក់ស្តែងដែលកម្ពុជា កំពុងយកចិត្តទុកដាក់ដោះស្រាយ និងផ្តល់ឱកាសការងារ និងបណ្តុះបណ្តាលជំនាញ ជូនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃវិញជាទ្រង់ទ្រាយធំ និងស្នើសុំភាគីអង្គការ IOM ផ្ដល់កិច្ចសហការលើការ អនុវត្តការធ្វើតេស្ត វាយតម្លៃផ្អែកលើសមត្ថភាព ទទួលស្គាល់ការសិក្សា ដែលមានពីមុន (RPL), ជំរុញការផ្សព្វផ្សាយការធ្វើតេស្ត វាយតម្លៃផ្អែកលើសមត្ថភាព ទទួលស្គាល់ការសិក្សា ដែលមានពីមុន (RPL), កៀរគរដៃ គូអភិវឌ្ឍន៍ សម្រាប់ចូលរួមគាំទ្រ ផ្នែកហិរញ្ញវត្ថុដល់ អតីតពលករដែលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលខ្លីៗ, កិច្ចសហការក្នុងការបើកទីផ្សារការងារថ្មីបន្ថែមទៀត, និង បង្កើនកិច្ចខិតខំប្រឹងប្រែង របស់អង្គការ IOM ក្នុងការសហការជាមួយអាជ្ញាធរនានា ក្នុងការផ្ដល់កិច្ចគាំពារ ជូនពលករទេសន្តរប្រវេសន៍កម្ពុជា។

ជាការឆ្លើយតប លោកស្រីប្រធាន របស់អង្គការ IOM ប្រចាំកម្ពុជា បានឯកភាពតាមសំណូមពរឯកឧត្តមរដ្ឋមន្រ្តី ស្នើសុំជួយពង្រីកការគាំទ្រសម្រាប់ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លី ការពង្រីកវេទិកាការងារ និងសិក្សាលទ្ធភាពផ្ដល់ការជួយឧបត្ថម្ភ ជាកញ្ចប់ថវិកា ឬសម្ភារៈប្រើប្រាស់ជូន ដល់បងប្អូនពលករ ដែលវិលត្រឡប់ពីប្រទេសថៃ និងជនភៀសសឹក ដែលបង្កដោយសង្គ្រាមព្រំដែនកម្ពុជា-ថៃ និងគាំទ្រលើការប្តេជ្ញា ពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធភាព ហើយនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ IOM ក្នុងការសហការជាមួយអាជ្ញាធរនានា ក្នុងការផ្ដល់កិច្ចគាំពារ ជូនពលករទេសន្តរប្រវេសន៍កម្ពុជា៕

To Top