កម្ពុជា បន្តទាមទារ ឱ្យថៃបញ្ឈប់ ទង្វើឈ្លានពានកម្ពុជា
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួង ការពារជាតិ បានទាមទារឱ្យយោធាថៃ បញ្ឈប់នូវរាល់ទង្វើឈ្លានពានរបស់ខ្លួន មកលើដែនអធិបតេយ្យភាពកម្ពុជា ដើម្បីសេចក្តីសុខ និងសន្តិភាព សម្រាប់ប្រជាពលរដ្ឋ ។
ក្នុងសន្និសីទសារព័ត៌មានស្តីពី “បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ ព្រំដែនកម្ពុជា-ថៃ” នៅព្រឹកថ្ងៃទី១២ ខែធ្នូ អ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជាលោកស្រី ម៉ាលី សុជាតា បានថ្លែងផ្ញើសារទៅយោធាថៃថា ត្រូវបញ្ឈប់ទង្វើឈ្លានពាន , បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ , បញ្ឈប់ការវាយប្រហារដោយមិនរើសអើង ជាពិសេសទៅលើប្រជាជនស៊ីវិល និងហេដ្ឋារចនា សម្ព័ន្ធស៊ីវិល , បញ្ឈប់ការវាយប្រហារបំផ្លិចបំផ្លាញ ទីតាំងប្រវត្តិសាស្ត្រ ដែលមិនត្រឹមតែជាសម្បត្តិវប្បធម៌ ដ៏មានតម្លៃបំផុត សម្រាប់កម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល។ ក្នុងនោះ ក៏ត្រូវបញ្ឈប់ការ ផ្សព្វផ្សាយព័ត៌មានមិនពិត សប្រែទៅជាខ្មៅ ផងដែរ ដើម្បីកុំឱ្យមានការយល់ច្រឡំ ។
លោកស្រីបញ្ជាក់ថា “យោធាថៃត្រូវបង្ហាញពីភាពស្មោះត្រង់ និងសុច្ឆន្ទៈ ប្រសិនបើថៃពិតជាចង់បានសន្តិភាពពិតប្រាកដមែន ព្រោះសន្តិភាពមិនអាចកើតមាន តែតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែង ហើយកងទ័ពថៃ អាចចាប់ផ្តើមជាមួយនឹងការបញ្ឈប់រាល់សកម្មភាពខុសច្បាប់ ដូចដែលបានរៀបរាប់ខាងលើ” ។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យការពារកម្ពុជា អំពាវនាវឱ្យភាគីថៃ វិលត្រឡប់មកអនុវត្តវិញ នូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃ ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាប្រធានអាស៊ានប្តូរវេន ។
លោកស្រីអំពាវនាវឱ្យសហគមន៍ អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភ បំពានសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពឧក្រិដ្ឋកម្ម សង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃ ទទួលខុសត្រូវទាំង ស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃ បញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញ ពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕
