សហភាពពលកម្មជាតិកម្ពុជា ផ្តួចផ្តើមរៃអង្គាសថវិកាជួយវីរកងទ័ព និងជនភៀសសឹក និងអំពាវនាវឱ្យម្ចាស់រោងចក្រ និងកម្មករទូទាំងប្រទេសចូលរួម
ភ្នំពេញ៖ សហភាពពលកម្មជាតិកម្ពុជា (NLC) ដែលមានសមាជិកជាកម្មករ-និយោជិតជាង ៧ម៉ឺននាក់ បានអំពាវនាវដល់សាធារណជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ជាពិសេសបងប្អូនកម្មករ-និយោជិត ចូលរួមក្នុងមូលនិធិសហភាព ពលកម្មជាតិកម្ពុជា ដើម្បីជួយសម្រួលការលំបាក ដល់បងប្អូនជនភៀសសឹក និងជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ព ។

សេចក្ដីអំពាវនាវ របស់សហភាពពលកម្មជាតិកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ បានឱ្យដឹងថា ដើម្បីបង្ហាញអំពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួមគាំទ្រស្មារតី ស្នេហាជាតិមាតុភូមិ របស់បងប្អូនវីរកងទ័ពកម្ពុជា ដែលបាននិងកំពុងឈរជើងការពារទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន និងបងប្អូនប្រជាពលរដ្ឋ ដែលជម្លៀសពីតំបន់ព្រំដែន (ជនភៀសសឹក) “មូលនិធិសហភាពពលកម្មជាតិកម្ពុជា (NLC)” នឹងចុះទៅសួរសុខទុក្ខ ដល់បងប្អូនវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋ ដែលជម្លៀសខ្លួនចេញពីតំបន់ព្រំដែន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ។

ក្នុងស្មារតីនេះ សហភាពពលកម្មជាតិកម្ពុជា បានអំពាវនាវដល់សាធារណជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ជាពិសេសបងប្អូនកម្មករ-និយោជិត ជួយឧបត្ថម្ភជាថវិកា សម្ភារៈ និងគ្រឿង ឧបភោគបរិភោគនានាតាមសទ្ធាជ្រះថ្លា និងគាំទ្រសកម្មភាពនេះឱ្យបានច្រើនកុះករ ដើម្បីចូលរួមចំណែកក្នុងការការពារ បូរណភាពទឹកដី ដែលបង្ហាញពីភាពរួបរួមជាធ្លុងមួយ នៃខឿនការពារជាតិរបស់កម្ពុជា។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមានប្រសាសន៍ថា ដោយមើលឃើញអំពីការលំបាករបស់បងប្អូនជនភៀសសឹក ពីការឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជានោះ, សហជីពរបស់លោក ក៏បានសម្រេចបង្កើត “មូលនិធិសហភាព ពលកម្មជាតិកម្ពុជា (NLC)” នេះឡើង ដើម្បីជួយរួមចំណែកសម្រួលការលំបាកខ្លះ របស់ពួកគាត់ ហើយម្យ៉ាងទៀត ក៏ដើម្បីជួយឧបត្ថម្ភគាំទ្របន្ថែម ដល់វីរកងទ័ព ដែលបាននិងកំពុងឈរជើងការពារទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន។

លោកបន្ថែមថា «ដូចនេះ ក្នុងនាមសហជីព ក៏សូមអំពាវនាវ ដល់បងប្អូនជនរួមជាតិ បងប្អូនកម្មករ-និយោជិត សូមមេត្តាចូលរួមឧបត្ថម្ភគាំទ្រ ជាមួយមូលនិធិសហភាព ពលកម្មជាតិកម្ពុជា ដើម្បីទ្រទ្រង់ជួយឧបត្ថម្ភដល់បងប្អូនជនភៀសសឹក ក៏ដូចចូលរួមឧបត្ថម្ភគាំទ្រ ដល់វីរកងទ័ពដ៏អង់អាចក្លាហាន របស់កម្ពុជា ដែលកំពុងការពារដែនអធិបតេយ្យភាព ការពារទឹកដីកម្ពុជាយ៉ាងរឹងមាំរបស់យើង»។

ជាមួយគ្នានេះ លោក សំ សឿន បានបន្តថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះអំពើដ៏ឃោរឃៅ របស់យោធាថៃ ដែលបានបើកការវាយប្រហារ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជាជាថ្មី ដោយបានបណ្ដាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់ស្លាប់ និងរបួសជាច្រើននាក់ ហើយប្រជាជនរាប់សែននាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញពីលំនៅឋានទៅកាន់ទីកន្លែងមានសុវត្ថិភាព។

នៅក្នុងសេចក្ដីអំពាវនាវដដែល សហភាពពលកម្មជាតិកម្ពុជា (NLC) សង្ឃឹមជឿថា សាធារណជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ជាពិសេសបងប្អូនកម្មករ-និយោជិត នឹងគាំទ្រសកម្មភាពនេះ ដើម្បីរួមចំណែកក្នុងការជួយឧបត្ថម្ភគាំទ្រដល់បងប្អូនវីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋដែលជម្លៀសខ្លួនពីតំបន់ព្រំដែន៕


