ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យមន្ត្រីរាជការ មួយចំនួនទៀត បំពេញការងារ តាមអនឡាញពីផ្ទះ ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ និងអគ្គិសនី
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឱ្យមន្ត្រីរាជការមួយចំនួន ធ្វើការងារតាមអនឡាញពីផ្ទះ លើកលែងអង្គភាពចាំបាច់មួយ ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ និងអគ្គិសនី ។
នេះបើយោងតាមសេចក្ដីណែនាំ ស្ដីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី ចេញផ្សាយដោយ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
បើតាមសេចក្ដីណែនាំ របស់ក្រសួងមហាផ្ទៃ, ថ្នាក់ដឹកនាំគ្រប់អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំកាលវិភាគបែងចែកកម្លាំង មន្ត្រីរាជការមកបំពេញការងារតាមចំនួនចាំបាច់ នៃមន្ត្រីរាជការសរុប និងអនុញ្ញាតឱ្យមន្ត្រីរាជការមួយចំនួនទៀត បំពេញការងារតាមអនឡាញពីផ្ទះ លើកលែងអង្គភាពចាំបាច់មួយចំនួន ជាអាទិ៍៖ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយកដ្ឋានរដ្ឋបាល។
ក្រសួង បន្ដថា ចំពោះមន្ត្រីរាជការ ដែលមកបំពេញការងារផ្ទាល់ ថ្នាក់ដឹកនាំគ្រប់អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពិនិត្យលទ្ធភាពរៀបចំកន្លែង បំពេញការងាររួមគ្នា ដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី, ត្រូវកំណត់មន្ត្រីបង្គោល ឬមន្ត្រីចាំបាច់ ដែលត្រូវតែមានវត្តមានជាប្រចាំ ដើម្បីធានាមិនឱ្យមានការរាំងស្ទះ ដល់ចរន្តការងាររដ្ឋបាលប្រចាំថ្ងៃ៕
