ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ អញ្ជើញ​ដឹកនាំ​ប្រតិភូ​ អាវុធហត្ថខេត្តកំពង់ស្ពឺ​ ក្នុងពីធីគោរពវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ទោ សោម សាម៉ុន​

កំពង់ស្ពឺ៖ ដោយ​មានការ​ចង្អុល​បង្ហាញ​ណែនាំពី​ លោក​​​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស​​ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៦:០០ នាទី​ លោកឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ មេបញ្ជាការ​ កងរាអាវុធហត្ថខេត្តកំពង់ស្ពឺ​ បានអញ្ជើញ​ដឹកនាំ​ប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ក្នុងពីធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ទោ សោម សាម៉ុន (អតីតមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ) ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង ២រសៀល​ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយ​រោគាពាធ​​​ ស្ថិតនៅភូមិត្រពាំងលើក សង្កាត់រកាធំ ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសដ៏សោកសៅ និងក្រៀមក្រំនោះដែរ លោកឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ មេបញ្ជាការ​ ក៏បានសំណេះសំណាល ចូលរួមរំលែកទុក្ខ ជូនដល់ក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ លោកឧត្តមសេនីយ៍ទោ សោម សាម៉ុន គឺជាការបាត់បង់នូវឪពុក ជីតា ប្តីនិងញាតិមិត្តដ៏ឧត្ដុង្គឧត្តមប្រកបទៅដោយព្រហ្មវិហារធម៌និងការសណ្ដោសប្រណី គួរជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់កូនចៅ-ញាតិមិត្ត​​ ព្រមទាំងក្រុមគ្រួសារទាំងមូល ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជានាពេលកន្លមកផងដែរ។

ជាចុងក្រោយស្ថិតក្នុងសមានទុក្ខ វិយោគសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក​ លោកឧត្តមសេនីយ៍ត្រី​ ម៉េង​ ស្រ៊ុន​ រួមនឹងប្រតិភូកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ទាំងអស់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកឧត្តមសេនីយ៍ទោ សោម សាម៉ុន សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

To Top