ទេសរដ្ឋមន្រ្តី កែវ រ៉េមី ៖ ការអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្តីពីសិទ្ធិមនុស្សរបស់កម្ពុជា គឺជាការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការគោរព និងការការពារសិទ្ធិមនុស្ស
រតនគិរី ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ការអនុវត្តយ៉ាងម៉ឺងម៉ាត់ និងទៀងទាត់នូវបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និងសន្ធិសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្សរបស់កម្ពុជា គឺជាការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការគោរព ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។

ការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយ របាយការណ៍ជាតិ ពីការអនុវត្តអនុសញ្ញាអន្តរជាតិ ស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងពូជសាសន៍ ក្រោមកិច្ចសហការ រវាងគណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជា និងរដ្ឋបាលខេត្តរតនគិរី នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលមហោស្រព ខេត្តរតនគិរី ។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្សចំនួន ៨ ក្នុងចំណោម៩ និងការអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវរាល់បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ និង សន្ធិសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិមនុស្សដែលកម្ពុជា ជារដ្ឋភាគី បានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការគោរព ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។

កម្ពុជាបានខិតខំលុបបំបាត់រាល់ទម្រង់នៃការរើសអើង ដោយមិនគិតពណ៌សម្បុរ ភេទ ជាតិសាសន៍ ស្របតាមគោលនយោបាយ «មិនទុកនរណាម្នាក់ចោល» ។ ក្នុងន័យនេះ ក៏រួមបញ្ចូលទាំងការមិនរើសអើង ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា (LGBT) ផងដែរ ដោយពួកគេត្រូវបានលើកទឹកចិត្តនិងគាំទ្រ ឱ្យមានការចូលរួម ក្នុងសង្គមយ៉ាងស្មើភាព និងមានសក្តានុពលដូចគ្នា។

ភ្ជាប់ទៅនឹងគោលការណ៍ មិនរើសអើងពូជសាសន៍នេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តរក្សាគោលជំហរដ៏ច្បាស់លាស់ ក្នុងការមិនរើសអើង ទោះបីជាកម្ពុជាកំពុងប្រឈមនឹងវិបត្តិជម្លោះព្រំដែនជាមួយប្រទេសថៃក៏ដោយ។ ជាក់ស្តែង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទូទៅ ឱ្យគោរពអនុវត្តច្បាប់ជាធរមានយ៉ាងម៉ឺងម៉ាត់ ដោយមិនត្រូវមាន ការរើសអើង មិនប្រើអំពើហិង្សា ឬបង្កគ្រោះថ្នាក់ណាមួយ ចំពោះប្រជាជន ពលករ ឬអ្នកជំនួញជនជាតិថៃ ដែលកំពុងរស់នៅ និងបំពេញការងារ នៅក្នុងប្រទេសកម្ពុជា ដែលអាចនាំឱ្យកើតមានការរើសអើងពូជសាសន៍ ឬជាតិសាសន៍ឡើយ៕
